(ហូជីមិញ)៖ នាព្រឹកថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដឹកនាំដោយលោក ជា ចាន់ដារ៉ា ប្រធានសមាគម និងប្រតិភូចំនួន៨រូប បានចូលរួមពិធីចុះអនុស្សារណៈ (MoU) ជាមួយសហគ្រិន សៃហ្គន ប្រចាំក្រុងហូរជីមិញ ប្រទេសវៀតណាម។

សូមជម្រាបជូនថា សហគ្រិនសៃហ្គន គឺជាទស្សនាវដ្តីសេដ្ឋកិច្ច មួយដ៏ល្បីនៅប្រទេសវៀតណាម ដោយមានសម្ព័ន្ធសមាគម បណ្តាស្ថាប័ន រោងចក្ររាប់ពាន់ជាដៃគូ និងជាសមាជិក ។

កិច្ចអនុស្សារណៈនេះ មានសារៈសំខាន់នៃភាគីទាំង២ ដើម្បីពង្រីកបណ្តាញរវាងអ្នកទិញ និងអ្នកលក់ ក្នុងន័យជួយស្វែងរកអ្នកទិញពិតប្រាកដ និងអ្នកលក់ពិតប្រាកដ រួមទាំងអ្នកដែលមានបំណងសហការជាដៃគូពិតប្រាកដ។

សហគ្រិនសៃហ្គន គឺជាស្ថាប័នរៀបចំជំនួបអាជីកម្ម (B2B) រៀងរាល់ខែ ដោយមានការតាំងបង្ហាញទំនិញនិងសេវាកម្មផ្សេងៗ រាប់រយមុខ រួមទាំងវិស័យដឹកជញ្ជូន និងឡូជីស្ទុីកផងដែរ ហើយបោះពុម្ភទស្សវត្តីផ្សព្វផ្សាយអាជីវកម្ម និងសេដ្ឋកិច្ចដោយអ្នកអានជាច្រើន។

លោក ជា ចាន់ដារ៉ា បានឲ្យដឹងថា បន្ទាប់ពីចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការនេះរួចរាល់ ផលិតផល និងសេវាកម្មរបស់កម្ពុជា តាមរយៈសមាគមក៏អាចស្នើសុំទីតាំងដើម្បីតាំងបង្ហាញទំនិញ និងសេវាកម្មរបស់ខ្លួន ជារៀងរាល់ខែនៅក្នុងកម្មវិធីតាំងបង្ហាញទំនិញ និងសេវាកម្ម (B2B) ជាមួយដៃគូរបស់សមាគម នៅទីក្រុងហូជីមិញ និងបណ្តាខេត្តមួយចំនួននៅប្រទេសវៀតណាមផងដែរ។

លោកបន្ថែមទៀតថា ភាគីវៀតណាមក៏មានបំណងដឹកនាំម្ចាស់រោងចក្រសហគ្រាសមកទស្សនកិច្ចនៅកម្ពុជា រួមទាំងនាំផលិតផលមកតាំងពិព័រណ៍នៅកម្ពុជាទៀតផង៕