(ភ្នំពេញ)៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាប់បញ្ជូនក្រុមទុច្ចរិតជាជនជាតិចិន ដែលធ្លាប់បានរកស៊ី ជម្រិតទារប្រាក់តាមប្រព័ន្ធ Internet ចំនួន៦៣នាក់ (ស្រី៩នាក់) តាមជើងយន្តហោះ SKY TEAM ទៅប្រទេសចិនវិញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា «ការចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសចិនវិញនេះ បានធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនទុច្ចរិតទាំង៦៣នាក់ខាងលើ ដល់កន្លែងផ្ទាល់ស្ថិតនៅភូមិព្រែកជើងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ»។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា វិធានការនេះក៏បានធ្វើឡើងក្រោមកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំពេញ ដោយបានបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសចិនវិញ តាមជើងយន្តហោះពិសេសចិន SKY TEAM នៅរសៀលនេះតែម្ដង។ សូមបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនាយកដ្ឋាន បានបន្តយុទ្ធនាការជាប្រចាំលើការចុះត្រួតពិនិត្យការរស់នៅ និងធ្វើការរស់នៅរបស់ជនបរទេស ជាពិសេសរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះតែម្តង៕