(ភ្នំពេញ)៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាស្ត្រាចារ្យប្រឹក្សា និងផ្តល់យោបល់ជាន់ខ្ពស់ នៃមន្ទីរពេទ្យកាល់ម៉ែត នៅវត្តសារាវន្តតេជោ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖៥៥នាទីរំលងអធ្រាត ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ចំពោះការបាត់បង់អ្នកមានគុណ ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជាបុគ្គលដ៏ឆ្នើមមួយរូប ចំពោះក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ចំពោះស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបានជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងនោះដែរ លោកសាស្ត្រាចារ្យ បានចូលរួមកៀរគរឧបត្ថម្ភថវិកា និងសម្ភារៈនានាពីអង្គការ La Chaine de l`espoir ដើម្បីជួយមន្ទីរពេទ្យកាល់ម៉ែត សម្រេចបាននូវការសាងសង់អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដែលជាអគារប្រវត្តិសាស្ត្រទី១ នៅកម្ពុជា ព្រមទាំងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវះកាត់ប្រព័ន្ធប្រសាទនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពខ្ពស់។

ជាចុងក្រោយ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមចូលរួមរំលែកនូវមរណទុក្ខ និងការសោកស្តាយ ចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្រ្តរបស់ ឯកឧត្តមសាស្ត្រាចារ្យ ដោយសេចក្តីសោកសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ហ្វ្រង់ស័រ ហ្ស៉ាវីយ៉េរូ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៥១ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ នៅឆ្នាំ ១៩៨៦ គាត់បានក្លាយជាវេជ្ជបណ្ឌិតឯកទេសជំនាញវះកាត់ប្រព័ន្ធប្រសាទ ដែលទទួលបានងារជាសាស្ត្រាចារ្យមហាបរិញ្ញា វ័យក្មេងបំផុតនៅប្រទេសបារាំង ដោយមានអាយុត្រឹម ៣៥ឆ្នាំ។

តាមរយៈការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ដែលជាសកម្មភាពប្រកបដោយមេត្តាធម៌ និងសេចក្តីស្រឡាញ់ចំពោះអ្នកជំងឺគ្រប់ជាតិសាសន៍ ជាសម្រាប់ពិសេសប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោកសាស្ត្រាចារ្យ ត្រូវព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម៕