(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូស្ត្រាលី ដឹកនាំដោយលោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។
ជំនួបពាណិជ្ជកម្មនេះក៏មានការចូលរួមធ្វើបទបង្ហាញដោយលោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំអូស្ត្រាលី និងធុរជនកម្ពុជានិងអូស្ត្រាលីសរុប៤០នាក់។
គណៈប្រតិភូធុរកិច្ចដែលចូលរួមក្នុងជំនួបពាណិជ្ជកម្មនេះមកពីវិស័យទេសចរណ៍ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ អាហរ័ណនីរហរ័ណ អចលទ្រព្យ ការវិនិយោគ ភោជនីយដ្ឋាន និងទូរគមនាគមន៍។
អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអូស្ត្រាលីមកកាន់កម្ពុជា ដែលពិតជាមានសារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីការបង្កើតឡើងនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ អ្នកឧកញ៉ាប្រធានបានគូសបញ្ជាក់អំពីការរួមចំណែករបស់ប្រទេសអូស្ដ្រាលីក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់នៅកម្ពុជា និងការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ អូស្ដ្រាលី គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ចម្បងមួយរបស់កម្ពុជា។ អ្នកឧកញ៉ាប្រធានជំរុញលើកទឹកចិត្ត ធុរជនអាស្ដ្រាលី ចាប់យកឱកាសវិនិយោគនៅកម្ពុជាដោយហេតុកម្ពុជាជាទីតាំងយុទ្ធសាស្រ្ដសម្រាប់វិនិយោគិនទទួលនូវផលប្រយោជន៍ដ៏សម្បូរបែប និងទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
លោក តាំង សិទ្ធី ថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូស្ដ្រាលីនាពេលនេះ។ លោកប្រធានគូសបញ្ជាក់ថា ជំនួបពាណិជ្ជកម្មនាពេលនេះ គឺបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊នក្នុងការជំរុញទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ហើយនាពេលអនាគតគណៈប្រតិភូធុរកិច្ចដែលមានចំនួនច្រើនជាងមុន នឹងបន្តបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍ឆ្នាំ២០៤០ នៃគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី។ កម្ពុជា គឺជាទិសដៅវិនិយោគដ៏ទាក់ទាញនៅក្នុងអាស៊ាន។ ហេតុនេះសភាពាណិជ្ជកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ធុរកិច្ចនិងធុរកិច្ចរបស់ប្រទេសទាំងពីរ។
លោកប្រធាន និងគណៈប្រតិភូទាំងអស់មានសេចក្តីសោមនស្សរីករាយ និងទទួលយកមតិណែនាំរបស់អ្នកឧកញ៉ាប្រធាន និងគូសបញ្ជាក់អំពីសារប្រយោជន៍នៃកសាងសេដ្ឋកិច្ច និងប្រទេសជាតិ និងបង្ហាញសក្តានុពលកម្ពុជាទៅកាន់ពិភពលោក។ លោកប្រធានស្នើជំរុញឲ្យមានការហោះហើរត្រង់ពីអូស្ត្រាលីមកភ្នំពេញ ដែលនឹងជួយជំរុញដល់ការធ្វើធុរកិច្ច ទេសចរណ៍ និងទីផ្សារវិស័យអប់រំ។
ជំនួបពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយបានជជែកនិងផ្លាស់ប្តូរបទពិសោធន៍អំពីគោលនយោបាយលើកទឹកចិត្តវិនិយោគ បរិយាកាសធុរកិច្ច និងកាលានុវត្តភាពទៅវិស័យនីមួយៗ៕