(ព្រះវិហារ)៖ ក្មេងទំនើង២ក្រុម ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ក្រោយបើកឆាកប្រយុទ្ធគ្នានៅឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយដកហូតវត្ថុតាងដាវ កាំបិតផ្កាក់ កាំបិតបុ័ងតោ ដំបង និងជំពាមកៅស៊ូ។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា ដោយអនុវត្តបញ្ជា និងការណែនាំដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងនគរបាលស្រុកជាំក្សាន្ត ធ្វើការសើបអង្កេតស្រាវជ្រាវទៅលើក្រុមក្មេងទំនើង ចំនួន២ក្រុម ដែលធ្វើសកម្មភាពបង្កជម្លោះដោយប្រើប្រាស់ ដាវ កាំបិតផ្គាក់ ប៉័ងតោ ដំបង ចំពាម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយពីធ្វើការស្រាវជ្រាវស៊ើបអង្កេតកម្លាំងជំនាញ បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងទាំង០២ក្រុមនេះចំនួន០៨នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។
ក្រោយពីធ្វើការសាកសួរ ក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ ប៉័ងតោ ដាវ ចំពាម ដំបង បង្កជម្លោះជាមួយគ្មាពិតប្រាកដមែន នឹងបានធ្វើការនាំខ្លួនក្រុមក្មេងទាំង០៨នាក់ ទៅដកហូតសម្ភារវត្ថុតាងរួមមានម៉ូតូចំនួន ០២គ្រឿង ដាវចំនួន០១ កាំបិតផ្គាក់ចំនួន០២ កាំបិតប៉័ងតោចំនួន០១ ដំបងឈើជ្រុងចំនួន០២កំណាត់ ចំពាមកៅស៊ូចំនួន០២ ទូរស័ព្ទចំនួន៣គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ៕