(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក តុប ឈុនសុង ជាប្រធានក្រុមប្រឹក្សា លោក ហុក ពី ជាចៅក្រមប្រឹក្សា លោក អ៊ួង វុទ្ធា ជាចៅក្រមប្រឹក្សា និងលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជាង១០០គីឡូក្រាម ចំនួន៣នាក់ ដោយសម្រេចផ្ដន្ទាទោសម្នាក់ៗដាក់ពន្ធនាគារអស់មួយជីវិត។
ឧក្រិដ្ឋជនទាំង៣នាក់នោះ ទី១៖ឈ្មោះ Cheng veut ជនជាតិឡាវ កើតឆ្នាំ១៩៨៨, ទី២៖ឈ្មោះ Wasin Saekue ជនជាតិថៃ កើតឆ្នាំ១៩៩៩ និងទី៣៖ឈ្មោះ Saeli Chinnawat ជនជាតិថៃ កើតឆ្នាំ២០០៥ ក្នុងម្នាក់ៗដាក់គុកអស់១ជីវិត។ ក្នុងសាលក្រមដដែលនោះ ចៅក្រមបានប្រកាសចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនឧក្រិដ្ឋជន២នាក់ទៀត យកមកអនុវត្តទោសតាមច្បាប់ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន៨០លានរៀល។
សូមរំលឹកថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន៣នា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ជាង១០១គីឡូក្រាម៕