(ភ្នំពេញ)៖ អង្គការអភិរក្សអន្តរជាតិ កម្ពុជា ធ្វើការក្នុងភាពជាដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលជលផល មន្ទីរបរិស្ថាន អាជ្ញាធរ ដៃគូអភិវឌ្ឍ ជាពិសេសសហគមន៍មូលដ្ឋាន ដាំស្តារព្រៃលិចទឹកបានប្រមាណជាជាង ៦០០ហិកតា នៅតំបន់ទន្លេសាប សរុបដាំកូនឈើបានជាង ២៧០ពាន់ដើម តាំងពីផ្តើមបេសកម្មខ្លួននៅតំបន់នេះពីឆ្នាំ២០១០មក។ ត្រឹមឆ្នាំ២០៣០ អង្គការ CI កម្ពុជារំពឹងថានឹងគាំទ្រការស្តារព្រៃឈើប្រមាណ ២,៦៦០ហិកតា។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ បានថ្លែងថា៖ «បេកសកម្មសំខាន់នេះគឺជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់យើង ស្របតាមគោលនយោបាយជាតិផង ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ។ ជាពិសេសរក្សាការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុសគ្រប់ជំនាន់»។
លោកបន្តថា៖ «នៅទន្លេសាប អង្គការ CI កម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើលិចទឹកធំសំខាន់ៗដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រហើយធន់នឹងជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែលមានទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះនៅតាមសហគមន៍»។
បឹងទន្លេសាប ជាទីធម្មជាតិផ្ទុកកាបូនដ៏សំខាន់មានតម្លៃឥតគណនា ហើយវាក៏ជាជម្រកនៃត្រីប្រមាណ៣០០ប្រភេទ រួមមានត្រីមេពូជសំខាន់ៗដែលរងគ្រោះថ្នាក់ជិតផុតពូជបំផុតក្នុងពិភពលោកផង។ អង្គការ CI កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាង១ទស្សវត្សមកហើយ ដោយគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀងរាល់ដើមរដូវវស្សាជារៀងរាល់ឆ្នាំ។ បេសកកម្មស្តារព្រៃលិចទឹកនេះ មានការចូលរួមពីស្ត្រី និងមានលំហូរសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចមូលដ្ឋានដែរ។ ការណ៍នេះជួយបង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគមន៍ក្នុងការពង្រឹងភាពជាម្ចាស់លើការងារអភិរក្សក្នុងសហគមន៍ខ្លួន។
ក្រៅពីការងារអភិរក្សនៅតំបន់ទន្លេសាប អង្គការ CI បាននិងកំពុងធ្វើការងារអភិរក្សធម្មជាតិ និងស្តារព្រៃឈើនៅតំបន់៣ទៀតសំខាន់ៗគឺ តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលជាជម្រកសត្វព្រៃសំខាន់ៗបំផុតនៅកម្ពុជា។ កម្មវិធីអភិរក្សនៅតំបន់ទេសភាពដែលមានតម្លៃទាំងនេះ ផ្តោតលើអនុវត្តការគ្រប់គ្រងដោយនិរន្តរភាព ការអភិវឌ្ឍជីវភាពសហគមន៍ និងការអភិរក្សជីវៈចម្រុះ។ អបអររុក្ខទិវា សូមចូលរួមថែរក្សាការពារធនធានធម្មជាតិ សូមហាមដាច់ខាតការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ៕