(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់អង្គភាពអនុវត្តគម្រោង ACSEP សមាសភាគទី១។
សិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP-PIU1 និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងសំណូមពរនានារបស់អង្គភាពពាក់ព័ន្ធ ជាពិសេសស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរក្នុងដំណើរការអនុវត្តគម្រោងពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការផ្នែកឥណទានក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅរកដំណោះស្រាយសមស្របរួមគ្នាមួយសម្រាប់ការរៀបចំយុទ្ធសាស្រ្តអនុវត្តឱ្យបានល្អប្រសើរជាងនេះ។
កម្មវិធីនេះមានការចូលរួមដោយសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, តំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅទាំង៦ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕