(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាមានប្រមាណ ២ ៩៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ១ ៦១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងទោចក្រយានយន្តចំនួន ៩១៤គ្រឿង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៣ ការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) កើនឡើង ៣៨០%, ត្រីចក្រយានយន្ត (ម៉ូតូកង់បី) ថយចុះ ២៩% និង រថយន្ត កើនឡើង ៥០៨%។
អ្នកនាំពាក្យក្រសួងសាធារណការ បានបន្ថែមថា ប្រភេទរថយន្តអគ្គិសនីដែលបានចុះបញ្ជីមានដូចជា៖ BYD, TOYOTA, TESLA, BMW, AION, MG, DENZA, VOLKSWAGEN, GAC, LETIN ។
លោក ផន រឹម បានគូសបញ្ជាក់ដែរថា សម្រាប់ការប្រើប្រាស់យានយន្តអគ្គិនីនៅកម្ពុជា គឺមាននិន្នាការកើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងរួមមាន៖ ចំណាយតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត ហើយមានក្រុមហ៊ុនយានយន្តខ្លះការបំភាយឧស្ម័នពុលកម្រិតសូន្តថែមទៀត។
ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយឱ្យបានកាន់តែច្រើនថែមទៀត និងលក្ខណ្ឌអំណោយផលផ្សេងៗទៀតផងដែរ៕