(កំពង់ចាម)៖ លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ក្នុងកិច្ចលទ្ធកម្មគម្រោងមូលនិធិ ឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត ដោយមានការចូលរួមពី មេឃុំ ចៅសង្កាត់ អ្នកទទួលការ និងសមត្ថកិច្ចពាក់ព័ន្ធ ប្រមាណជាង ២០០នាក់។
លោក ឃន ប្រុស បានលើកឡើងថា កន្លងមកដំណើរការដេញថ្លៃគម្រោង មូលនិធិ ឃុំ សង្កាត់ ជួបនូវបញ្ហារគ្មានសណ្តាប់ធ្នាប់ ខ្វះសេចក្តីថ្លៃថ្នូរ ទើបក្នុងឱកាសនេះរដ្ឋបាលខេត្ត បានធ្វើការ បើកកិច្ចប្រជុំ ក្នុងគោលបំណង ដើម្បីធ្វើឲ្យការងារនោះ មានសណ្តាប់ធ្នាប់ និងមានសេចក្តីថ្លៃថ្នូរឡើងវិញ សម្រាប់រាល់ដំណើរការដេញថ្លៃគម្រោងមូលនិធិ ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ចាម ។
លោកនាយករដ្ឋបាល បានបន្តថា សម្រាប់ក្រុមហ៊ុនអ្នកទទួលការ ត្រូវមកចូលរួមការដេញថ្លៃឱ្យបានទាន់ពេលវេលាតាមការកំណត់ក្នុងសេចក្តីជូនដំណឹង ។ ពេលមកដល់បរិវេណកន្លែងដេញថ្លៃ ត្រូវរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម។ ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារនៃសំណើដេញថ្លៃ ដែលមានលក្ខណ: សម្បត្តិគ្រប់គ្រាន់មានដូចជាៈ ប័ណ្ណពន្ធប៉ាតង់មានសុពលភាព លិខិតប្រាក់កក់ធានាការដេញដេញថ្លៃក្រមសីលធម៌ និងពាក់ប័ណ្ណសម្គាល់ដែលចេញដោយគណៈកម្មការលទ្ធកម្មឃុំ-សង្កាត់ ក្រុង-ស្រុកផងដែរ ។
ទន្ទឹមនឹងនេះអ្នកទទួលការមិនត្រូវមានល្បិចកលណាមួយបង្កឱ្យមានភាពមិនប្រក្រតីក្នុងដំណើរការនៃការដេញថ្លៃឡើយ។ ប៉ុន្តែត្រូវផ្តល់ឱកាសស្មើៗគ្នាដល់អ្នកទទួលការឯទៀត ដើម្បីចូលរួមក្នុងដំណើរការនេះ ក្រោមលក្ខខ័ណ្ឌត្រឹមត្រូវ និងស្មើភាពគ្នា។ ម្យ៉ាងទៀតក្រោយពីបិទបញ្ចប់កិច្ចដំណើរការដេញថ្លៃ និងត្រូវបានប្រកាសរំសាយអ្នកទទួលការទាំងអស់ និងអ្នកមិនពាក់ព័ន្ធ ត្រូវតែចាគចេញភ្លាមពីបរិវេណដេញថ្លៃ។
លោក ឃន ប្រុស បានបញ្ជាក់ថា នៅក្នុងពេលរយៈ ១០នាទី នៃអំឡុងពេលដំណើរការទទួលសំណើអ្នកទទួលការ មិនត្រូវចល័តពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀតឡើយ ត្រូវមកដាក់សំណើម្នាក់ម្ដងៗ តាមលំដាប់លំដោយ និងមានសណ្តាប់ធ្នាប់ និងត្រូវពិនិត្យសំណុំឯកសាររបស់ខ្លួនឱ្យបានច្បាស់លាស់ ចំពោះសំណើដេញថ្លៃ (បិទជិត និងការខ្នងស្រោមសំបុត្រ) មិនត្រូវធ្វើសកម្មភាពរារាំង ប្រទាញគ្នា និងបង្កភាពរញ៉េរញ៉ែនៅក្នុងកំឡុងពេល ១០នាទីនេះ ។ អ្នកទទួលការម្នាក់មានសិទ្ធិបំពេញសំណើដេញថ្លៃ បានតែមួយប៉ុណ្ណោះក្នុងមួយកិច្ចសន្យា ក្នុងករណីអ្នកទទួលការទាំងឡាយណា មិនគោរព ហើយបំពានល្មើសទៅនឹងលក្ខខ័ណ្ឌខាងលើរដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមនីតិវិធីដោយដាក់ក្រុមហ៊ុននោះទៅក្នុងបញ្ជីខ្មៅជារៀងរហូត៕