(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥៨៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក។
ក្នុងងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង អភិបាលស្រុកតាំងគោក ថ្លែងថា ផ្លូវបេតុងដែលនឹងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំពង្រ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងស្រុកតាំងគោកផងដែរ។ ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច សម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារ។
លោកបានសន្យាបន្តសាងសងផ្លូវបេតុងបន្ថែមទៀត នៅឃុំពង្រ ក្នុងស្រុកតាំងគោកនៅឆ្នាំក្រោយៗទៀត។ សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ។
លោក ហាក់ ម៉ុងហួត ក៏បានស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសសវាងគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងដោយយថាហេតុ។
លោកអភិបាលស្រុកសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។
បន្ថែមពីនេះលោកអភិបាលស្រុក បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត៕