(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពងធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំយោធិននារី នៃក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនាំអំណោយឧបត្ថម្ភអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ រួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃ។
នាឱកាសនោះ លោកបានផ្សព្វផ្សាយអំពីសារាចរលេខ១០ សរ ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ បានជ្រួតជ្រាប ហើយត្រូវចូលរួមអបអរសាទរដោយត្រូវវាយជួង ទូងស្គរ គោះប៉ោតឱ្យបានអធឹកអធម នៅវេលាម៉ោង៩និង០៩នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ឧត្តមសេនីយ៍ទោ បានណែនាំអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ខិតខំដាំដំណាំ ចិញ្ចឹមសត្វ គួបផ្សំនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ដើម្បីដោះស្រាយជីវភាពរស់នៅ ប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ លោកបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនទាំង១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ។
អតីតយុទ្ធជន និងក្រុមគ្រួសារ បានសូមគោពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីក ហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ដែលគ្រោងនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ដើម្បីសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា៕