(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលរងកោះកុង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងប្រកាសសមាសភាពអនុគណៈកម្មការចម្រុះថ្នាក់ខេត្ត ដោះស្រាយផលប៉ះពាល់ សម្រាប់ជួយសម្រួល និងសម្រេចពាក់ព័ន្ធគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដុតឧស្ម័នអានុភាព ៨០០មេហ្គាវ៉ាត់ ស្ថិតក្នុងស្រុកបូទុមសាគរ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខេត្តកោះកុង។

សមាសភាព នៃកិច្ចប្រជុំរួមមានតំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា មន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលឃុំថ្មស និងអ្នកពាក់ព័ន្ធ ដែលជាសមាជិក នៃអនុគណៈកម្មការថ្នាក់ខេត្ត ក្នុងគោលបំណងប្រកាសសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត និងពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងផែនការនានា ដើម្បីជំរុញការអនុវត្ត ដោះស្រាយផលប៉ះពាល់គម្រោង និងឈានទៅសម្រេច គម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដុតឧស្ម័នអានុភាព ៨០០មេហ្គាវ៉ាត់ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យកាន់តែលឿន ស្របតាមតម្រូវការអភិវឌ្ឍន៍វិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕