(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យពពួកសត្វល្អិត ដែលមានរុយស និងដង្កូវមូលស្លឹក ដែលបានស៊ីបំផ្លិចបំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករស្ថិតនៅក្នុង ភូមិគោកសណ្ដែក ឃុំរក្សជ័យ ភូមិទីតាង៉ើយ ឃុំរោងដំរី និងភូមិអង្កាល់ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះបញ្ហាពពួកសត្វល្អិត មានរុយស និងដង្កូវមូលស្លឹក ដែលកំពុងតែបានស៊ីបំភ្លេចបំផ្លាញស្រូវរបស់ប្រជាកសិករនេះ។ ដែលទាំងអស់នេះគឺជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែលកំពុងតែទទួលរងនូវ ការប៉ះពាល់ដោយសារ រុយ ស និងដង្កូវមូលស្លឹកនេះ។
បន្ថែមលើសពីនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយសនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញមាននូវបញ្ហានេះកើតឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
បើយោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ លើការងារបង្កបង្កើនផលស្រូវរដូវវស្សា អនុវត្តបានលើផ្ទៃដីចំនួន ២២៥,៧៤៧ហិកតា ស្មើនឹង៩០,៣០% នៃផែនការ ២៥០,០០០ហិកតា ហើយនៅក្នុងរយៈពេល កន្លងមកដល់បច្ចុប្បន្ននេះមានការផ្ទុះឡើងពីពពួកសត្វល្អិត រុយ ស និងដង្កូវមូរស្លឹក បានស៊ីបំផ្លាញលើដំណាំស្រូវ របស់កសិករនៅ ក្រុង ស្រុក ចំនួន១១ ឃុំ សង្កាត់ ស៊ី បំផ្លាញលើផ្ទៃដីសរុបចំនួន ៣៥.៣៤២ ហិកតា ស្មើនឹង១៥,៦៦% ក្នុងនោះខូចសរុប២.២៧១ហិកតា ស្មើនឹង១,០១%។
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាពជំនាញអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអ្នកពាក់ព័ន្ធនានា បានចុះជួយអន្តរាគមន៍ ដោយបានធ្វើការណែនាំដល់កសិករអំពីវិធានការនានាក្នុងការទប់ស្កាត់ និងកំចាត់ សត្វល្អិតរុយស/ដង្កូវមូរស្លឹក ដែលបានស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ និងបានអន្តរាគមន៍បាញ់ថ្នាំ ដោយប្រើឧបករណ៍ជ្រួន និងម៉ាស៊ីនបាញ់ថ្នាំទៅលើស្រែកសិករបានសរុបចំនួន១១.៥៨៨ហិកតា ស្មើនឹង ៣២,៧៩% នៃផ្ទៃដីប៉ះពាល់សរុប នៅតាមបណ្តាក្រុង/ស្រុកក្នុងខេត្តព្រៃវែង។
នៅចំពោះមុខនេះ រដ្ឋបាលខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់នឹងបន្តតាមដាននូវការបំផ្លាញ និងចុះធ្វើអន្តរាគមន៍វិធានការនានាក្នុងការកម្ចាត់រុយស និងដង្កូវមូរស្លឹកទៅដល់ដំណាំស្រូវរបស់កសិករជាបន្តទៀត៕