(ភ្នំពេញ)៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកវគ្គបំប៉នការងារដឹកនាំជូនដល់ លោក លោកស្រីស្នងការរង មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥ ចំនួន១៣០នាក់ ដើម្បីពង្រឹងសមត្ថភាពជូនដល់នាយនគរបាលឱ្យមានចំណេះជំនាញកាន់តែច្បាស់លាស់ ឱ្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការងារដឹកនាំក្នុងអង្គភាពអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
វគ្គបំប៉នបានធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងកការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា វគ្គបំប៉នេះគឺផ្តើមឡើងដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត គឺក្នុងគោលបំណងបង្កើនចំណេះជំនាញជូនដល់លោកលោកស្រីស្នងការរង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការងារលើកិច្ចការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានគុណភាព ប្រសិទ្ធភាព នៅក្នុងតំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។
ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា វគ្គបំប៉នគឺមានសារសំខាន់សម្រាប់លោកស្រីស្នងការរងទទួលបានបទពិសោធន៍ជាក់ស្តែងពីគ្រូបង្គោលដែលមានបទពិសោធន៍លើការងារដឹកនាំនិងក៏បាន ផ្តាំផ្ញើដល់លោកលោកស្រីស្នងការរង ដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់រាល់ការបង្ហាត់បង្ហាញមេរៀនពីគ្រូបង្គោល ដើម្បីទទួលបានចំណេះដឹងពិតប្រាកដយកទៅបម្រើការងារ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានជោគជ័យ។
សូមបញ្ជាក់ថា វគ្គបំប៉នខាងលើមានរយៈពេល០៤ថ្ងៃ លោកលោកស្រីស្នងការរងដែលជាសិក្ខាកាមទទួលបានការសិក្សារៀនសូត្រវគ្គបំប៉ននេះសរុប១៣០នាក់ ក្នុងនោះស្រី០៤នាក់ មកពី៖១. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១នាក់, ២. ស្នងការការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣២នាក់, ៣. ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន២៩នាក់, ៤. ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន២៥នាក់ និង៥. ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន២៣នាក់។ គ្រូបង្គោលចំនួន០៤នាក់ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕