(កណ្ដាល)៖ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកម្លាំងសម្ថកិច្ចជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋដែលដឹកនាំបញ្ជាដោយលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធ បានរាវរកសពក្មេងស្រីលង់ទឹកទាំង០៣នាក់ ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីយប់។
ក្រោយរកឃើញថា កម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្ចើបុណ្យតាមប្រពៃណី។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨៖៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន៣នាក់ បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លុះដល់វេលម៉ោងបាយថ្ងៃត្រង់ មិនឃើញក្មេងទាំង៣នាក់នោះ មករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថា ក្មេងៗលង់ទឹកតែម្តង។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមឲ្យវិញ្ញាណក្មួយស្រីទាំង៣ សូមបានទៅកាន់សុគតិភព៕