(តាកែវ)៖ គិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជាបានបង្កើត សួនរុក្ខទិវា បានប្រមាណ៤៧៥ហិកតា នៅតាមរាជធានី-ខេត្តចំនួន១៤។ នេះជាការបញ្ជាក់របស់ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីរុក្ខទិវា ៩កក្កដា ដែលបានប្រារព្ធឡើងនៅខេត្តកាកែវ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។
លោក ឌិត ទីណា បានគូសបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍រុក្ខទិវា ក៏បានបង្កើតជាចលនាស្រលាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា»។
ពិធី «រុក្ខទិវា» បង្កើតឡើងដោយព្រះបរមរតនកោដ្ឋ នៅឆ្នាំ១៩៥២ ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ ក្រោយមកពិធីនេះត្រូវបានអាក់ខាន ដោយសារសង្គ្រាម។ បន្ទាប់ផ្តួលរំលំរបបប៉ុលពត សម្តេចតេជោ ហ៊ុន សែន បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ហើយឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងពិធីរុក្ខទិវាលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅឆ្នាំនេះ ស្ថិតនៅទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ៕