(សៀមរាប)៖ បុរសជាជនជាតិអ៉ីតាលី និងកូនក្រមុំជនជាតិចិន បានមករៀបចំពិធីមង្គលការនៅឯខេត្តសៀមរាប យ៉ាងអធិកអធមក្រៃលែង ក្រោមការស្វាគមន៍ពីភ្ញៀវកិត្តិយជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងពិធីមង្គលការនេះ មានកូនប្រុសឈ្មោះ Alessio Zierl និងកូនក្រមុំឈ្មោះ Maxine Ma ។
ក្នុងពិធីមង្គលការនេះដែរ ទោះបីពួកគេជាជនជាតិបរទេស តែបានអញ្ជើញអាចារ្យខ្មែរជួយរៀបចំ និងនិមន្តព្រះសង្ឃខ្មែរសូត្រមន្តចម្រើនព្រះបរិត្ត ជាជ័យមង្គលដល់ពួកគេ ដើម្បីចៀសនូវសេចក្តីអន្តរាយ ព្រមទាំងញ៉ាំងទុក្ខភ័យទាំងឡាយឲ្យវិនាសបាត់ទៅ ក៏ដូចជាញ៉ាំឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង។ លើសពីនេះ គូស្វាមីភរិយា ព្រមទាំងសាច់ញាតិទាំងសងខាង បានចំណាយពេលវេលា ដើរកម្សាន្តនៅក្នុងខេត្តសៀមរាប ជាពិសេសនៅប្រាសាទអង្គរវត្តផងដែរ។
បន្ថែមលើនេះ ក្នុងពិធីមង្គលការ របៀបចម្រុះខ្មែរនិងបរទេស គ្រប់ជនជាតិបរទេសទាំងអស់ បានរាំលេងកម្សាន្តសប្បាយ ដោយភាតរភាព សាមគ្គីភាព និងសន្តិភាពផ្លូវចិត្តជាទីបំផុត។
លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមក្នុងពិធីនេះបានលើកឡើងថា សន្តិភាព និងសុវត្ថិភាព ជាកត្តាចម្បងបំផុត ដែលធ្វើឲ្យជនជាតិបរទេស អាចមករៀបការដោយរីករាយនាទឹកដីមានវប្បធម៌ និងអរិយធម៌ដ៏ផូរផង់។ ការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា រួមទាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ សុទ្ធតែបានបង្ហាញថា កម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវអន្តរជាតិទៀតផង៕