(ភ្នំពេញ)៖ យោងតាមការរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានចំណារឯកភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​, លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ក្រោមអធិបតីភាពលោកសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ អនុប្រធាន លេខាធិការ សមាជិក សមាជិកានៃគណៈកម្មការទី៣ និងគណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកការងារអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះផងដែ​ លោករដ្ឋមន្ត្រីធ្វើសេចក្តីរាយការណ៍សង្ខេបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាអំពីវឌ្ឍនភាព និងសមិទ្ធផលដែលក្រសួងសម្រេចបានដោយផ្អែកលើរបាយការណ៍រយៈពេល១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ដែលជាការអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ តាមកម្មវិធីយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖ ទី១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤-ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា បេសកកម្មដែលក្រសួង បាននិងកំពុងអនុវត្តយ៉ាងសកម្មនេះ គឺដើម្បីសម្រេចនូវចក្ខុវិស័យគន្លឹះរបស់ខ្លួន «លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» និងជាការចូលរួមសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»