(ភ្នំពេញ)៖ លោក សុផាត យុត្តិធន អគ្គនាយករដ្ឋបាលកិច្ចការទូទៅ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ នាំថវិកាសរុបចំនួន ២៤ ៦២០ ០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ក្នុងចំណោមថវិកាចំនួន ២៤ ៦២០ ០០០ រៀលនេះ, មួយផ្នែក បានមកពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ចំនួនជាង ១ ១២៣ រូប ដែលកំពុងបម្រើការ ទាំងនៅទីស្ដីការក្រសួងអធិការកិច្ច និងនៅតាមមន្ទីរអធិការកិច្ចរាជធានី-ខេត្តទូទាំងប្រទេស ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងថវិកាមួយផ្នែកទៀត ទទួលបានពីការចូលរួមបរិច្ចាគតាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងអធិការកិច្ច។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចំពោះការចូលរួមបរិច្ចាគ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕