(សៀមរាប)៖ រយៈពេល ២៥ឆ្នាំ សិស្សក្រីក្រទទួលបានផល ប្រមាណ ៣០ម៉ឺននាក់ ពីកម្មវិធីផ្តល់អាហារតាមសាលារៀន។ កម្មវិធីផ្តល់អាហារតាមសាលារៀន នឹងក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញ ដោយរដ្ឋជាអ្នកគ្រប់គ្រងទាំងស្រុង។ ពាក្យដែលត្រូវបានប្រើនោះ គឺ «ញ៉ាំឆ្អែត មានកម្លាំងរៀន និងកាត់បន្ថយការចំណាយ»។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅរោងបាយក្នុងសាលាបឋមសិក្សាល្វា ភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប, អ្នកស្រី សុន ម៉ុល បានឱ្យដឹងថា លោកស្រីបានចូលរួមធ្វើជាចុងភៅនៅក្នុងសាលាបឋមសិក្សាល្វានេះ បន្តវេនពីម្តាយ បើគិតមកដល់ឆ្នាំ២០២៤នេះ ទាំងម្តាយ និងខ្លួនឯងផ្ទាល់ គឺបានធ្វើជាចុងភៅនៅក្នុងសាលារៀននេះជិត ២០ឆ្នាំមកហើយ។
លោកស្រី សុន ម៉ុល បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ជួយកូនសិស្ស ជួយសហគមន៍ ហើយខ្ញុំបានចាប់អាជីពធ្វើចុងភៅនេះជាង១០ឆ្នាំមកហើយ សប្បាយចិត្តណាស់ទើបខំងើបពីព្រឹកព្រលឹមដាំបាយ ធ្វើម្ហូបសម្រាប់ឱ្យសិស្សបានបរិភោគ បើសរុបទាំងម្តាយខ្ញុំផងជិត២០ឆ្នាំ»។
លោក សុន ម៉ុល បានបន្ថែមថា បច្ចុប្បន្ននេះ ម្ហូបសម្រាប់ធ្វើឱ្យសិស្សបរិភោគ កាន់តែមានភាពសម្បូរបែប បើក្រឡេកទៅមើលកាលពីជាង១០ឆ្នាំមុន គឺមានតែត្រីខកំប៉ុង ប៉ុណ្ណោះ។
សម្រាប់អ្នកស្រី វើង ស៉ីណាត រស់នៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានលើកឡើងថា៖ «ពីព្រោះខ្ញុំស្រឡាញ់អាជីពចុងភៅ ជាពិសេសខ្ញុំចង់ជួយដល់សិស្សសាលាដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាជ្រៃនេះ»។
ចុងភៅរូបនេះ បានបន្តថា តាមរយៈកម្មវិធីផ្តល់អាហារពេលព្រឹកនៅតាមសាលារៀននេះ គឺបានជួយកាត់បន្ថយការចំណាយថវិការបស់ឪពុក ម្តាយ ជាពិសេសជួសម្រាលការលំបាកដល់ឪពុក ម្តាយ ដែលមានជីវភាពក្រីក្រជាដើម។
លោកស្រី បានបន្ថែមថា គាត់បានចូលរួមធ្វើជាចុងភៅនៅក្នុងសាលាបឋមសិក្សាជ្រៃនេះ គឺបន្តវេនពីម្តាយដែលមានវ័យកាន់តែច្រើន ហើយក៏បានប្តេជ្ញាចិត្តបន្តបេសកកម្មជាចុងភៅ នៅក្នុងសាលារៀននេះក៏មរុញរានោះទេ ដើម្បីក្លាយជាចំណែកមួយជួយដល់សហគមន៍របស់ខ្លួនផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងនោះមានសិស្សទទួលផលចំនួនជាង ១៥ម៉ឺននាក់ និងចុងភៅ ១,៥១៨នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា២០២៣ - ២០២៤ ដោយបានចំណាយថវិកាជាង ៥លាន៥៦ម៉ឺនដុល្លារអាមេរិក៕