ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យបង្កើនការទប់ស្កាត់កុំឱ្យវីរុស Zika ចូលមកកម្ពុជាបាន ខណៈជំងឺនេះមកដល់ថៃ និងវៀតណាម (Video inside)
20-09-2016 14:17
(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជំប៉ុនទី១ នៅក្នុងប្រទេសកម្ពុជានៅព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបង្កើនទប់ស្កាត់ជំងឺឆ្លង Zika កុំឱ្យរាលដាលមកដល់ប្រទេសកម្ពុជា ខណៈដែលជំងឺនេះបានកើតឡើងនៅប្រទេសជិតខាងកម្ពុជា។
ការអំពាវនាវជាថ្មីរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីជំងឺ Zika កំពុងវាយប្រហារជាថ្មីនៅក្នុងប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយនេះ។ ប្រទេសវៀតណាម និងប្រទេសថៃ ដែលនៅជាប់ព្រំដែនខាងកើតប្រទេសកម្ពុជា នាថ្មីៗនេះ បានប្រកាសអំពីវត្តមានវីរុស Zika នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលសិង្ហបុរីបានរកឃើញវីរុស Zika ជាង៣០០ករណី។
ទោះជាយ៉ាងណា ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះមកដល់ប្រទេសកម្ពុជា ក្រសួងសុខាភិបាល ក៏បានបំពាក់ម៉ាស៊ីនស្ទង់កម្តៅខ្លួនមនុស្ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកអន្តរជាតិមួយចំនួនទៀតក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឃ្លាំមើលអ្នកដំណើរ ដែលមានសីតុណ្ហភាពក្នុងខ្លួនខុសធម្មតា និងករណីសង្ស័យលើការផ្ទុកវីរុស Zika នេះផងដែរ៕