(ភ្នំពេញ)៖ ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។

លោកនាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានឱ្យដឹងថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក ដើម្បីទាក់ទងទៅជនរងគ្រោះតាមរយៈតេឡេក្រាម (Telegram) ក្នុងការផ្តល់សេវាកម្ចីអនឡាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR)។ ជនឆបោកបានបង្កើតគេហទំព័របន្លំ ដែលមានឈ្មោះថា Khmersp.com ដែលធ្វើឱ្យជនរងគ្រោះច្រឡំថា ជាកម្មវិធីធនាគារលើទូរសព្ទដៃរបស់ធនាគារ HH BANK ដោយឆបោកឱ្យជនរងគ្រោះបញ្ចូលលេខទូរស័ព្ទ និងលេខសម្ងាត់នានា នៅពេលជនរងគ្រោះចុចលើតំណ ឬលីង នៃការផ្សព្វផ្សាយឆបោកក្នុងទំព័រហ្វេសប៊ុក។

លោកបានបន្ថែមថា «យើងទទួលបានការរាយការណ៍តាមបណ្តាញ Facebook ផ្លូវការរបស់យើង ដោយមានជនរងគ្រោះខ្លះត្រូវបានជនឆបោក បោកប្រាស់អស់រាប់ពាន់ដុល្លា និងមានជនរងគ្រោះមួយចំនួនបានមកដល់ទីស្នាក់ការផ្ទាល់របស់ធនាគារ ហើយយើងបានសម្របសម្រួលឱ្យជនរងគ្រោះធ្វើការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ»

ធនាគារ HH BANK បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នការណែនាំ កុំឱ្យផ្ទេរប្រាក់ បង់ប្រាក់សម្រាប់សេវាណាមួយ តាមរយៈការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ដល់ជនឆបោកទាំងនោះ។

សមាគមធនាគារនៅកម្ពុជា ក៏បានចេញ សេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ដើម្បីឱ្យសាធារណៈជនប្រុងប្រយ័ត្នខ្ពស់ និងបញ្ជាក់ច្បាស់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់និងផ្លូវការ មិនមានគោលការណ៍សុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខសម្ងាត់ធនាគារ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ ។

គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ HH BANK គឺមានឈ្មោះថា HH BANK (https://www.facebook.com/hhbank.com.kh) ឬ ធនាគារ HH BANK (https://www.facebook.com/hhbank.careers)និងគេហទំព័រ(វែបសាយ)គឺ hhbank.com.kh រីឯលេខទូរស័ព្ទ ទំនាក់ទំនងគឺមានតែមួយខ្សែតែប៉ុណ្ណោះ គឺ 023 99 7777 ៕