(តាកែវ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានឧទ្ទិសឱ្យ «ពិធីរុក្ខទិវា» ៩កក្កដា ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គយាងជា ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុង​ភូមិ​ខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីនេះដែរ មានវត្តមានអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា,​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រី, អភិបាលខេត្ត, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអ្នកចូលរួមជាតិនិងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

នាឱកាសពិធីនេះ ព្រះអង្គទ្រង់មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធីរុក្ខទិវា ៩ កក្កដា ដ៏មានអត្ថន័យនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែរ ដ៏ស្រស់បំព្រងនេះ ដែលនេះក៏ជាលើកទី៤ នៃការប្រារព្ធពិធីរុក្ខទិវា ដែលព្រះករុណា ព្រះបរមភេនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គផ្ទាល់បានមកចូលរួមក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំនិងចេនឡា។ កាលពីព្រះករុណាព្រះមហាវរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវនេះដែរ។

ព្រះមហាក្សត្រខ្មែរ ទ្រង់បានរំលឹកអំពីប្រវត្តិរុក្ខទិវា ដែលផ្តួចផ្តើមដោយ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានឧទ្ទិសឱ្យ «ពិធីរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ចូលរួមថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ ជាពិសេសការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។

ព្រះអង្គសូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការ ជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។

ព្រះមហាក្សត្រ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋា ភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវយើងនេះ ប្រកបដោយជោគជ័យ៕

>