(ភ្នំពេញ)៖ លោក តាន់ ស្រ៊ី ដាតូ ស្រ៊ី តៃអាងលាវ (Tan sri dato ' sri Tay Ah Lek) នាយកប្រតិបត្តិ របស់ធនាគារសាធារណៈម៉ាឡេស៊ី បានអះអាងថា ខ្លួននឹងពិចារណាលើកការផ្ដល់ឥណទាន ឲ្យទៅក្រុមហ៊ុនស្រូវអង្ករ ពិសេសរោងម៉ាស៊ីនកិនស្រូវនានា របស់កម្ពុជាបន្ថែមទៀតតាមស្ថានភាពជាក់ស្ដែង។

ការអះអាងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ របស់លោកនាយកប្រតិបត្តិ របស់ធនាគារសាធារណៈម៉ាឡេស៊ី រូបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១៦ នៅក្នុងឱកាសដែលលោកបានដឹងនាំ ក្រុមការងាររបស់ខ្លួនចូលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ស្រ៊ី តៃ អាង លាវ ក៏បានបង្ហាញពីជំហររបស់ធនាគារកម្ពុជា សាធារណៈឲ្យដឹងដែរថា ចំពោះមុខនេះជាមួយនឹងទំហំឥណទាន ប្រមាណ២០%នៃឥណទានសរុបរបស់ខ្លួន សម្រាប់ផ្ដល់ជាឥណទាន ទៅឲ្យបណ្ដាក្រុមហ៊ុន ឬ សហគ្រាសធុនតូច និងមធ្យម នោះធនាគារកម្ពុជាសាធារណៈ នឹងធ្វើការពិចារណាបង្កើន ឥណទាននេះបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រទេសកម្ពុជា ពិសេសការទប់ស្កាត់ នៃការធ្លាក់ចុះតម្លៃស្រូវអង្ករ នាបច្ចុប្បន្ននេះ។

លោក ជា ចាន់តូ និង លោកស្រ៊ី តៃ អាង លាវ ក៏បានផ្លាស់ប្ដូរបទពិសោធន៍ និងវិធានការនានាមួយចំនួនជាមួយគ្នា លើបញ្ហានៃការរក្សាស្ថេរភាពតម្លៃ ស្រូវអង្ករផងដែរ ។ ប៉ុន្តែទោះជាយ៉ាងនេះ ក៏ដោយលោក ស្រ៊ី តៃ អាង លាវ បានបញ្ជាក់ថា បញ្ហាថែរក្សាស្ថេរភាពតម្លៃស្រូវអង្ករនេះ ប្រទេសម៉ាឡេស៊ីគឺមានបទពិសោធន៏តិចតួចណាស់ ព្រោះប្រទេសម៉ាឡេមិនមែនជាប្រទេស ដែលនាំស្រូវអង្ករចេញនោះទេ។ ដូច្នេះនៅពេលនេះធនាគារកម្ពុជា សាធារណៈមានតែពិចារណា និងពិនិត្យអំពីលទ្ធភាពរបស់ខ្លួន នៅក្នុងការបង្កើនឥណទាន ទៅឲ្យបណ្ដាក្រុមហ៊ុនស្រូវអង្ករ និង បណ្ដារោងម៉ាស៊ីកិនស្រូវបន្ថែមទៀតប៉ុណ្ណោះ ។

នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បានបញ្ជាក់ឲ្យលោក តាន់ស្រ៊ី តៃ អាង លាវ បានដឹងអំពីភាពរីកចម្រើ និងស្ថានភាពនៃការរក្សាបាននូវកំណើនសេដ្ឋកិច្ច របស់កម្ពុជានាពេលកន្លងមកនេះ ។ ជាមួយនេះដែរ លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់អំពីស្ថានភាពនៃសុខភាពដ៏ល្អ ក្នុងវិស័យធនាគាររបស់កម្ពុជាឲ្យបានដឹងផងដែរ៕