(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសមាជិក សមាជិកា ស.ស.យ.ក. វិស័យអភិវឌ្ឍន៍ជនបទ នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន ស.ស.យ.ក. សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល រដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារ រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. វិស័យអភិវឌ្ឍន៍ជនបទសរុបប្រមាណ៣៣៥រូប។

បន្ទាប់ពីការប្តេជ្ញាចិត្តរបស់ លោក ពិត ករុណា ប្រធានស.ស.យ.ក. វិស័យអភិវឌ្ឍន៍ជនបទ(ថ្មី) រួចមក លោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវចំណាប់អារម្មណ៍ជូនទៅកាន់អង្គពិធី ដោយជាដំបូងឯកឧត្តមបានសម្តែងនូវការសប្បាយរីករាយ និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះការទទួលស្គាល់សមាសភាពវិស័យអភិវឌ្ឍន៍ជនបទ ក្នុងការចូលជាសមាជិក សមាជិកានៃក្រុមគ្រួសារស.ស.យ.ក. ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ដែលនឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជួយកិច្ចការងារសង្គម។

ទន្ទឹមនឹងនោះ លោកក៏បានគូសបញ្ជាក់ពីគុណតម្លៃ នៃការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់រាជរដ្ឋាភិបាលកម្ពុជា និងការលះបង់ដោយធំធេងពីសំណាក់ថ្នាក់ដឹកនាំជំនាន់មុន ដែលយកជីវិតជាដើមទន់ រហូតបាននាំមកនូវសមិទ្ធផល និងការអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមការងារ ស.ស.យ.ក. វិស័យអភិវឌ្ឍន៍ជនបទដែលបានចូលរួមបន្តបេសកកម្មរបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោកក៏បានចែករំលែកជាមួយសមាជិក សមាជិកា អំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតស.ស.យ.ក. រួមទាំងកត្តាប្រវត្តិសាសាស្រ្ត និងភាពជាគម្រូរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលយុវជនជំនាន់ក្រោយគប្បីរៀនសូត្រ និងស្វែងយល់។

លោកបានបន្តថា ក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយ យើងត្រូវរម្លឹក និងដឹងគុណនូវអ្វីដែលជាការលះបង់របស់យុវជនជំនាន់មុន ជាបន្តបន្ទាប់ និងបន្តអនុវត្តរាល់សកម្មភាពការងារឱ្យស្របតាមចក្ខុវិស័យរបស់ ស.ស.យ.ក.ដែលជាផ្នែកមួយនៃការចូលរួមចំណែកលើកស្ទួយកិច្ចការសង្គម និងបំពេញភារកិច្ចជួយសង្គមជាបន្តបន្ទាប់ តរៀងទៅ។

សូមជម្រាបជូនថា ក្នុងឱកាសនៃពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យអភិវឌ្ឍជនបទ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានយកឱកាសនេះរំលឹកនូវអ្វីដែលជាការលះបង់តស៊ូរបស់កម្មាភិបាលជំនាន់មុនដែលលោកបាន ពលីសាច់ស្រស់ ឈាមស្រស់ ដាក់ជីវិតជាដើមទុន ពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីទទួលបានសុខសន្តិភាពក្នុងពេលបច្ចុប្បន្ន បើគ្មានការលះបង់ដ៏ធំធេងនេះរបស់ពួកគាត់ទេ យើងទាំងអស់គ្នាដែលជាយុវជនជំនាន់ក្រោយមិនអាចមានឱកាសដូចសព្វថ្ងៃនោះឡើយ៕