(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្លាប់មនុស្ស២នាក់ បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្ដាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។

ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង៧នាក់មុនទេ)។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ និងធ្វើការក្រើនរំលឹក បងប្អូនពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យ បាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។

ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។ ម្យ៉ាងទៀតត្រីក្រពតទាំង ៥ប្រភេទ ដែលមានជាតិពុល គឺមានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះពីខែកក្កដា ទៅខែកញ្ញា។

នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល និងអាចបណ្ដាលឱ្យស្លាប់។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺ ពងនិងផ្អែមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្ដាលមកពីរឺបត្តិផ្លូវដង្ហើម។

វិធីសង្គ្រោះភ្លាមៗ ក្រោយពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។

ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឱ្យបងប្អូនពលរដ្ឋគ្រប់រូបអនុវត្តតាមដំបូន្មានខាងលើ និងសូមបន្តផ្សព្វផ្សាយសារអប់រំនេះដល់ក្រុមគ្រួសារ សាច់ញាំតិ ចិត្ត ដើម្បីការពារអ្នកនិងក្រុមគ្រួសារ ចៀសផុតពីការឈឺ និងស្លាប់ដោយសារការបរិភោគត្រីក្រពកដែលមានតែចូលទាំង៥ប្រភេទនេះ៕