(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១២នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន៧២១កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុនធំៗទាំង១២ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក, ក្រុមហ៊ុន HSC គ្រុប, អង្គការប្រព័ន្ធទិន្នន័យ (DDD), ក្រុមហ៊ុន Sastra Film Cambodia, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍, ក្រុមហ៊ុន NAGA WORLD, ក្រុមហ៊ុនស្មាន, ម៉ាស្ទ័រស៊ុគីស៊ុប, ក្រុមហ៊ុន BDLINK, ក្រុមហ៊ុនក្រៀល cambodia និងក្រុមហ៊ុន DAI-ICHI-Life។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា នៅថ្ងៃទី១១ខាងមុខនេះ AMK នឹងនាំយកឱកាសការងារជាច្រើនកន្លែងផ្តល់ជូនដល់យុវជន សិស្ស/និស្សិត។ លោកស្រីបន្ថែមថា AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយក្នុងការជ្រើសរើសបុគ្គលិក ហើយមូលហេតុដែល AMK បន្តសហការជាមួយនឹង NEA ព្រោះ NEA បានដើរតួនាទីដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើងបានយ៉ាងទូលំទូលាយទៅដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។

លោកស្រីពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខំប្រឹងប្រែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារក្នុងការជួយដល់សិស្សិនិស្សិត និងក្រុមហ៊ុន។ លោកស្រីបន្ថែមថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាប់ផ្សារស្ទឹងមានជ័យថ្មី។

សម្រាប់ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕