(កំពង់ឆ្នាំង)៖ លោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង និងលោកឧត្ដមសេនីយ៍ទោ ហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្មអង្គរក្ស លោកស្រី ឡេង ផលលាភី ព្រមទាំងបុត្រ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន ០៩វត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិធីនេះបានធ្វើឡើងនៅវត្តចំបុី ស្ថិតឃុំច្រេស ស្រុកកំពង់ត្រឡាច។

ព្រះសង្ឃចំនួន ៩វត្តក្នុង ស្រុកកំពង់ត្រឡាច ដែលទទួលបានទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំសម្រាប់ត្រៀមនាពេលចូលព្រះវស្សា ដែលនឹងមកដល់នាពេលខាងមុខនេះរួមមាន៖ វត្តចំបុី, វត្តចំប៉ា, វត្តគ្រុង, វត្តចៅហ្វាជួន, វត្តកំពង់ត្រឡាចលេី, វត្តកំពង់ត្រឡាចក្រោម, វត្តអំពិលទឹក, វត្តសំរិទ្ធិជ័យ, វត្តសិតីតេជះ។ ជាមួយនឹងការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះដែរលោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណឡេង និងក្រុមគ្រួសារ ក៏បាននិមន្តព្រះសង្ឃ បង្សុកូលជូនអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ញាណ ឡេង គម្រប់ខួប១ឆ្នាំ ៦ខែផងដែរ។

សូមបញ្ជាក់ដែរថា ទៀនព្រះវស្សា និងទេយ្យទាន ដែលបានប្រគេនវត្តទាំង០៩ នេះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេសធំ, ទឹកសុទ្ធវីតាល់ ៤កេស, ត្រីខ ១កេសធំ, ទឹកក្រូចកូកា ៤កេស, ភេសជ្ជៈ ១កន្ត្រក, ប្រេងឆា១ដប ៥លីត្រ, ទឹកដោះគោខាប់ ១កេសធំ, សៀង១កែវ ៥គីឡូក្រាម, សាប៊ូម្សៅ១ថង់ ៤គីឡូក្រាម ទៀនព្រះវស្សា ៣តឹក ១គូ និងថវិកា ៥០មុឺនរៀល។

សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។

សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។

បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕