(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងថា វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់ ដែលនិស្សិតគួរតែសិក្សារៀនសូត្រ ក្នុងការកសាងសុខុមាលភាព ហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស ក្នុងកម្មវិធីចុះហត្ថលេខា​ លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យមូលបត្រនៅកម្ពុជា» រវាងសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា និងនិយ័តករមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់ សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះ ក្នុងការកសាងសុខុមាលភាព ហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ និងសម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត»។

បន្ថែមពីនោះទៀត លោក ស៊ូ សុជាតិ ក៏បានប្រាប់ដល់ប្អូនៗនិស្សិតថា មុននឹងគិតគូរដល់ការវិនិយោគ ប្អូនៗនិស្សិត ត្រូវរៀនសន្សំជាមុនសិន ដោយកាត់បន្ថយចំណាយមិនចាំបាច់ គឺជាយន្តការសន្សំ ដ៏មានប្រសិទ្ធភាព។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា កម្មវីធីនាថ្ងៃនេះ ជាសក្ខីភាពមួយរវាងនិយ័តករមូលបត្រកម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ ក្នុងការបង្កើនការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ បានឲ្យដឹងថា កម្ពុជាបាននិងកំពុងជំរុញ ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន សម្រាប់យើងទាំងអស់គ្នា ចូលរួមជាចំណែកនូវភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត ផុន ណារិន បានលើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យមូលបត្រដល់និស្សិត ដែលជាវិនិយោគិនដ៏មានសក្ដានុពលនាពេលអនាគត ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតបានបន្ថែមទៀតថា តាមរយៈការចុះ MOU នេះ សាកលវិទ្យាល័យ នឹងរៀបចំកម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្ដាលអភិបាល នៅក្នុងវិស័យមូលបត្រ ឲ្យស្របតាមស្ដង់ដារ និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដោយមានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា៕