(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣៣គ្រួសារ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

អំណោយដែលត្រូវប្រគល់ជូន ដល់ប្រជាពលរដ្ឋក្រីក្រ ទាំង៣៣គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ មី០១កេស ត្រីខ១០កំប៉ុង ឃីត ០១កញ្ចប់ (មុង១,ភួង១,ក្រមា១,សារុង១) និងថវិកា៣ម៉ឺនរៀល។ ក្នុងនោះព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់  ក៏បានឧបត្ថម្ភបន្ថែមនូវគ្រឿងឧបភោគបរិភោគ០១កញ្ចប់ផងដែរ។

ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងគិតគូពីការលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងជនងាយរងគ្រោះនានា។

លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការយកចិត្តទុកដាក់ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលតែងបានផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ គិតគូពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ លោកអភិបាលក៏បានប្រាប់ ទៅលោកតាលោកយាយចាស់ជរា និងបងប្អូនជនពិការ ទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់នៅ ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន៕