(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ជាផ្លូវការលើកិច្ចសហប្រតិបត្តិការផលិត និងផ្សព្វផ្សាយព័ត៌មាន រួមទាំងព្រឹត្តិការណ៍នានានៅលើបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន ដើម្បីអោយប្រជាជនបានដឹងពីភាពរីកចំរើនលើវិស័យពាណិជ្ជកម្មនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការបង្ហាញពីកិច្ចសហការក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ហើយស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺប្រពន្ធ័ «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបំរើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងរវាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរបស់ក្រសួងទាំងពីរ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតូនាទីក្នុងការសហការជាមួយក្រសួង ស្ថាប័ននានាៗ ចំណុះអោយរាជរដ្ឋាភិបាល លើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន ផលិតព័ត៌មាន និងកម្មវិធីមួយចំនួនរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយតាមប្រពន្ធ័ផ្សាយរបស់ជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង App របស់ក្រសួងព័ត៌មាន ហើយប្រពន្ធ័ផ្សព្វផ្សាយធំៗរបស់ជាតិនេះ មានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅអាណត្តិរាជរដ្ឋាភិបាលទី ៧ នេះ ក្រសួងព័ត៌មាន បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នទាំងអស់ ដោយរៀបចំជាប្រពន្ធ័ផ្សាយរួមមួយ ដើម្បីបង្ហូរព័ត៌មានចូលមកមណ្ឌលកណ្តាលមួយនៅក្រសួងព័ត៌មាន ដើម្បីជួយចែករំលែកបន្ថែមនូវអ្វីដែលក្រសួង ស្ថាប័ន បានប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួនដូចជា Facebook TikTok គឺក្រសួងព័ត៌មាន បានជួយបំពេញបន្ថែមទៅលើការពង្រីកការផ្សព្វផ្សាយធ្វើអោយប្រជាពលរដ្ឋងាយស្រួលនៅក្នុងការទទួលបានព័ត៌មាន ពិត រហ័ស ពាក់ពន្ធ័សកម្មភាពការងាររបស់ក្រសួង ស្ថាប័ន ផ្សេងៗ។ ព័ត៌មាននៅក្នុងប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិមួយចំនួន បានធ្វើការបកប្រែជាភាសា អង់គ្លេស បារាំង ចិន វៀតណាម និងភាសាអារ៉ាប់ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកអោយបានស្គាល់ពីកម្ពុជាពិត ។

លោក បានបញ្ជាក់ដែរថា កិច្ចសហការដ៏មានសារៈសំខាន់នេះធ្វើឡើងព្រោះវិស័យពាណិជ្ជកម្ម ជាវិស័យមួយចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ ពាក់ពន្ធ័ជាមួយជីវភាព និងមុខរបររបស់ប្រជាពលរដ្ឋ ដូច្នេះហើយព័ត៌មានទាក់ទងវិស័យពាណិជ្ជកម្មគឺចាំបាច់ផ្សព្វផ្សាយអោយបានទូលំទូលាយនៅបរិបទឌីជីថល គឺការផ្តល់នូវភាពពិតប្រាកដ ត្រឹមត្រូវនៃព័ត៌មាន ទៅដល់សាធារណជន ។

លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន នានា បានធ្វើកិច្ចការងារយ៉ាងច្រើន ហើយ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ តែការផ្សព្វផ្សាយមិនសូវរស់រវើក មិនបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋបានដឹង ដូច្នេះហើយជាជំហានទៅមុខទៀត ក្រសួងព័ត៌មាន បន្តពង្រឹងកិច្ចសហការជាមួយ ក្រសួង ស្ថាប័ន នានាចំណុះអោយរាជរដ្ឋាភិបាល ដើម្បីជួយធ្វើការផ្សព្វផ្សាយពីផែនការ សកម្មភាព និងសមិទ្ធិផលនានាដែលសម្រេចបាននាពេលកន្លងមក ដាក់ចុះនូវគោលនយោបាយ និងទិសដៅបន្តទៅមុខទៀត ដើម្បីបញ្ជ្រាបទៅអោយប្រជាពលរដ្ឋបានដឹងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ប្រពន្ធ័ផ្សព្វផ្សាយពិតជាមានសារៈសំខាន់នៅក្នុងការធ្វើអោយប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្ត ដូច្នេះហើយក្រសួងព័ត៌មាន ត្រូវតែសកម្ម ហើយក្រសួង ស្ថាប័នដ៏ទៃទៀតត្រូវតែសហការគ្នាដើម្បីធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ កសាងជំនឿទុកចិត្ត ដែលអាចទទួលបាននូវការចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយសមិទ្ធិផលដែលសម្រេចបាន ។

លោកស្រី ចម និម្មល បានចាត់ទុកការចុះអនុស្សរណៈនាឱកាស គឺមានសារសំខាន់ ដែលជាជំហានថ្មីមួយក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយពីសក្តានុពល នៃវិស័យពាណិជ្ជកម្មនៅកម្ពុជា ក៏ដូចជាជំរុញអោយកិច្ចការងារពាណិជ្ជកម្មកាន់តែរីកចំរើន ។ តាមរយៈ នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវ សកម្មភាពពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឱ្យបានលឿន រហ័ស និងទាន់ពេលវេលា ប្រកបដោយ គុណភាព ទៅដល់សាធារណៈជនទូទៅ។