(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត អមដោយលោកសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករង នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូមន្ទីរពេទ្យ ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ អតីតសាស្ត្រាចារ្យប្រឹក្សា និងផ្តល់យោបល់ជាន់ខ្ពស់ នៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០០៖៥៥នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោកសាស្ត្រាចារ្យអគ្គនាយក និងសហការី ព្រមទាំងបុគ្គលិក-មន្ត្រីរាជការទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ចំពោះការបាត់បង់អ្នកមានគុណ ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឯកឧត្តមសាស្ត្រាចារ្យ បានតស៊ូចិញ្ចឹមបីបាច់អប់រំទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃ។

សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៥១ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ នៅឆ្នាំ១៩៨៦ លោកបានក្លាយជាវេជ្ជបណ្ឌិតឯកទេសជំនាញវះកាត់ប្រព័ន្ធប្រសាទ ដែលទទួលបានងារជាសាស្ត្រាចារ្យមហាបរិញ្ញា វ័យក្មេងបំផុតនៅប្រទេសបារាំង ដោយមានអាយុត្រឹម ៣៥ឆ្នាំ។

លោកសាស្ត្រាចារ្យធ្លាប់បានចូលរួមបង្កើតសកម្មភាពសប្បុរសធម៌ល្បីល្បាញជាច្រើន ដែលមានដូចជាអង្គការ Médecins Du Monde អង្គការ Chaine de l’Espoir និងក្រសួងសុខាភិបាលបារាំង ដើម្បីជួយសង្គ្រោះអ្នកជំងឺនៅតាមបណ្តាប្រទេសអាហ្គានីស្ថាន ប៉ាគីស្ថាន ប៊ូគីណាហ្វាសូ ជីប៊ូទី ជប៉ុន ភូមា វៀតណាម កម្ពុជា ចិន ប៉ាឡេស្ទីន កុងហ្គោ ហៃទី ស៊ូម៉ាត្រា ជាដើម។

ស្នាដៃដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ ជូនដល់ប្រជាពលរដ្ឋកម្ពុជានោះ គឺការចូលរួមកៀរគរឧបត្ថម្ភថវិកា និងសម្ភារៈនានាពីអង្គការ La Chaine de l`espoir ដើម្បីជួយមន្ទីរពេទ្យកាល់ម៉ែត សម្រេចបាននូវការសាងសង់អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដែលជាអគារប្រវត្តិសាស្ត្រទី១នៅកម្ពុជា ព្រមទាំងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញវះកាត់ប្រព័ន្ធប្រសាទនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាពខ្ពស់។

តាមរយៈការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ដែលជាសកម្មភាពប្រកបដោយមេត្តាធម៌ និងសេចក្តីស្រឡាញ់ចំពោះអ្នកជំងឺគ្រប់ជាតិសាសន៍ ជាសម្រាប់ពិសេសប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ លោកសាស្ត្រាចារ្យ ត្រូវព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត មានសេចក្តីសោកស្តាយ និងក្តីអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបនេះ។
ទន្ទឹមនឹងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ នឹងចងចាំជានិច្ចរាល់អនុស្សាវរីយ៍ល្អៗ និងអំពើដែលជាកុសលដ៏ថ្លៃថ្លារបស់លោកសាស្ត្រាចារ្យក្នុងចិត្តគ្រប់ៗគ្នា។

ជាចុងក្រោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត បានឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកសាស្ត្រាចារ្យ ហ្រ្វង់ស័រ ហ្សាវីយ៉េរូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕