(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចបារាំងកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពក្រោមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្រាប់វេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២ នេះមានការចូលរួមពី លោក Franck RIESTER រដ្ឋមន្ត្រីប្រតិភូអមក្រសួងកិច្ចការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណៈរដ្ឋបារាំង និងមានការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងផ្នែកពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងផងដែរ។

នាវេលារសៀលនៃថ្ងៃដដែលនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើញជាវាគ្មិន និងធ្វើបឋកថាស្តីអំពីវិស័យសុខាភិបាល និងកាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យសុខាភិបាល ដើម្បីការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា «ការវិនិយោគលើវិស័យសុខាភិបាល គឺជាគន្លឺះដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស ដោយសារប្រជាជនមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការចូលរួមប្រកបដោយប្រសិទ្ធភាពពីវិស័យឯកជន នឹងជួយពង្រឹងវិស័យសុខាភិបាល ទាំងមូលចាប់ពីសេវាវេជ្ជសាស្រ្តរហូតដល់ផ្នែកដែលមិនមែនជាវេជ្ជសាស្ត្រ រួមទាំងការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ការផលិតផលសុខាភិបាល ឧស្សាហកម្មឱសថ បច្ចេកវិទ្យាប្រើប្រាស់ រួមទាំងសុខភាពឌីជីថល ភស្តុភារកម្ម ការផ្លាស់ប្តូរជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ តាមរយៈការប្រមូលផ្តុំធនធាន និងជំនាញដែលមានរបស់យើងទាំងអស់គ្នា យើងអាចដោះស្រាយបញ្ហាប្រឈមសុខភាពទូទៅ បង្កើតការព្យាបាលថ្មី និងកែលម្អលទ្ធផលសុខភាពសម្រាប់ប្រជាជនរបស់យើង»។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរស្វាគមន៍ និងសម្របសម្រួលរាល់សំណើវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនៅកម្ពុជា។

សូមបញ្ជាក់ថា នារសៀលដដែលនេះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន និងសមាគមអ្នកវិនិយោគផ្នែកសុខាភិបាល បារំាង ដើម្បីផ្លាស់ប្តូរនូវទស្សនៈ និងពិភាក្សាស្វែងយល់ឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលផងដែរ៕