(ភ្នំពេញ)៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានបរិច្ចាគថវិកាចំនួន ១៦០ លានរៀល (ប្រមាណ ៤ម៉ឺនដុល្លារអាម៉េរិក) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញពីការគាំទ្រលោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ ប៊ីអឹមដឺប៊លយូកម្ពុជា និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា ចំពោះការរៀបចំយុទ្ធនាការជិះម៉ូតូផ្សងព្រេងតែម្នាក់ឯង ពីទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប, អាស៊ី និងដោយឆ្លងកាត់ប្រទេសចិន មុនពេលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។

ការជិះម៉ូតូដែលមានរយៈពេលជាង៤ខែ (ពីខែកក្កដា ដល់ចុងខែតុលា ឆ្នាំ២០២៤)នេះ មានគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់បណ្ដាប្រទេសនីមួយៗដែលបានឆ្លងកាត់ ក៏ដូចជាដើម្បីកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបជូនថា សប្បុរសជនដែលមានបំណងគាំទ្រការជិះម៉ូតូរបស់លោក អ៊ុំ ប៊ុនរ៉េត និងរួមគ្នាផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា, សូមបរិច្ចាគតាមរយៈ QR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដូចមានក្នុងរូបខាងក្រោម៖