(ភ្នំពេញ)៖ លោក ដាវ លីឌុច ដែលជាកីឡាករប្រដាល់ក្បាច់គុន រួមនិងដៃគូវិនិយោគគឺលោក Andrew Nissembaum ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន MACROFUND បានចូលជួបលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
ក្នុងជំនួបនោះ ក៏មានការចូលរួមពីសំណាក់ឧកញ៉ា យូ សាម៉េត និងសហការីរបស់ក្រុមហ៊ុន MACROFUND មួយចំនួនទៀត។
បើតាមលោក ស៊ូ សុជាតិ បានឱ្យដឹងថា ជំនួបដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនោះ បានពិភាក្សាអំពីផែនការមួយក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និងការធ្វើអាជីវកម្មផ្សេងៗក្នុងវិស័យមូលបត្រ។
លោក ដាវ លីឌុច បានឱ្យដឹងថា ជំនួបជាមួយលោក ស៊ូ សុជាតិ ក្រោយពេលមានចង្អុលបង្ហាញ និងណែនាំពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្រុមហ៊ុន Macrofund ទទួលបានព័ត៌មាននានាពាក់ព័ន្ធវិស័យមូលបត្រនៅកម្ពុជា។
ក្នុងជំនួបនោះលោក ដាវ លីឌុច ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃរូបិយប័ណ្ណគ្រីបតូនិងចង់ឱ្យកម្ពុជាពិនិត្យលទ្ធភាពលើការប្រើប្រាស់គ្រីបតូ។
លោក Andrew Nissenbaum បានគូសបញ្ជាក់ថា កិច្ចសហការរវាង Macrofund ជាមួយនិយ័តករមូលបត្រកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតទីផ្សារមូលបត្រមួយល្អប្រសើរនៅកម្ពុជា។
លោក Andrew Nissenbaum ក៏បានបង្ហាញយ៉ាងមុតមាំចង់ចូលរួមចំណែកអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា ឱ្យទទួលបានការចាប់អារម្មណ៍ និងជោគជ័យ៕