(ភ្នំពេញ)៖ លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិត កែម ឡី បានអំពាវនាវ កុំឱ្យក្រុមប្រឆាំង និងវិទ្យុបរទេសមួយចំនួន យករូបភាពបងរបស់លោក គឺលោកបណ្ឌិត កែម ឡី ទៅកេងចំណេញនយោបាយតទៅទៀត។

ការអំពាវនាវនេះ ធ្វើឡើងខណៈដែលខួប៨ឆ្នាំ នៃមរណភាពរបស់ លោកបណ្ឌិត កែម ឡី នឹងចូលមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈវីដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក កែម រិទ្ធិសិត បានអំពាវនាវដល់ក្រុមប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយបរទេស កុំយករូបភាពបណ្ឌិត កែម ឡី ធ្វើជានយោបាយ ដើម្បីវាយប្រហារចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារសម្តេចតេជោ តទៅទៀត។

លោកបានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានឧបត្ថម្ភធ្វើបុណ្យជូន លោកបណ្ឌិត កែម ឡី កន្លងមក ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ចំពោះគ្រួសាររបស់លោក តាំងពីបុណ្យសពរបស់ដល់បុណ្យខួប។

លោកបានអរគុណសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភដល់ការធ្វើបុណ្យសព ក៏ដូចជាបុណ្យខួបជារៀងរាល់ឆ្នាំ ហើយនិងបុណ្យឆ្លងចេតិយ៍ ដែលសម្តេចបានជួយឧបត្ថម្ភប្រមាណ៩ម៉ឺនដុល្លារហើយ ហើយសម្តេចតែងតែយកចិត្តទុកដាក់ជួយនៅពេលដែលខ្វះខាត៕