(ភ្នំពេញ)៖ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី (APF) ដែលជាប្រទេសនិយាយភាសាបារាំង សន្យាចែករំលែកព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ទៅកាន់អ្នកវិនិយោគនៅតាមបណ្តាប្រទេសភាសាបារាំង ដើម្បីឱ្យពួកគេចូលមកវិនិយោគនៅកម្ពុជា។
ការសន្យានេះ បានធ្វើឡើងក្នុងឱកាសដែលសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី ដឹកនាំដោយលោក Geoffroy Roux De Bézieux ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោកប្រធាន APF បានជម្រាបសម្ដេចធិបតីអំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកនឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅវិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកប្រធាន APF ក៏បានគោរពជម្រាបសម្ដេចធិបតីអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅប្រទេសបារាំង ហើយក៏បានជម្រាបសម្ដេចធិបតីថា ប្រទេសបារាំង បានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយសង្ឃឹមថា កម្ពុជានឹងបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុខផងដែរ។
លោកប្រធាន APF បានលើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលនេះ ជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះលោក Geoffroy Roux De Bézieux និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយសម្តេចធិបតី ក៏បានរំឭកអំពីជំនួបរបស់សម្ដេចជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងពេលសម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅបារាំង កាលពីខែមករាឆ្នាំ២០២៤។
សម្តេចធិបតី បានរំលឹកថា ក្នុងពេលនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំង ថ្នាក់តំបន់នៅក្នុងកម្ពុជា។
ក្នុងជំនួបនេះ សម្ដេចធិបតី ក៏បានសម្ដែងក្តីរីករាយ ចំពោះក្រុមហ៊ុនបារាំង ដែលបានមកបោះទុនវិនិយោគនៅកម្ពុជា ដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំង។ សម្ដេចធិបតី សង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។
ក្នុងជំនួបនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធាន APF និងគណ:ប្រតិភូ អំពីការដាក់ចេញគោលនយោបាយ ដើម្បីធានាបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបានភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា៕