(ភ្នំពេញ)៖ ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ, វត្តភ្នៀតសិម្ពលី គឺជាអារាមស្ថានបុរាណមួយ ដែលមានប្រវត្តិ តាំងពីសម័យលង្វែក ក្នុងរជ្ជកាលព្រះបាទ អង្គចន្ទរាជា អតីតព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយរូប (គ.ស.១៥១៦-គ.ស.១៥៦៦) ដែលមានសេសសល់នូវសំណង់បុរាណ ដូចជា ចេតិយ ជាច្រើន។ ដើមឡើយ ក្រោយបែកបាក់សម័យលង្វែក ទីអារាមបុរាណខាងលើ មានសភាពស្ងាត់ជ្រងំ ដ្បិតទីតាំងវត្តនៅឆ្ងាយជាយក្រុង តែបច្ចុប្បន្ននេះ បរិវេណវត្តដែលមានទំហំ ៣៣ហិចតារ និង៣០អារ បាននិងកំពុងក្លាយទីតាំងដ៏ល្បីល្បាញ សម្រាប់ពុទ្ធបរិស័ទ្ធធ្វើបុណ្យទាន និងសិក្សាពីធម៌របស់ព្រះពុទ្ធផងដែរ។

ក្នុងទីអារាមនេះដែរ គេឃើញមានចេតិយដ៏ធំមួយ ដែលមានរចនាបថ យ៉ាងល្អឯក នៅក្បែរព្រះវិហារ ដែលត្រូវបានកសាងឡើងដោយព្រះបាទអង្គចន្ទរាជា ដើម្បីឧទ្ទិសដល់លោកគ្រូរបស់ទ្រង់ ដែលជាចៅអធិការរបស់វត្ត។ នេះហើយជាភស្តុតាងបញ្ជាក់ថា វត្តនេះមានអាយុកាលជាង ៤០០ឆ្នាំ ហើយចេតិយ ចំណាស់របស់អតីតព្រះចៅអធិការវត្ត មានកំពូលដល់ទៅចំនួន ៥ ដែលដូចគ្នាទៅនឹងរចនាបថ របស់ប្រាសាទអង្គរវត្ត។

ការអភិវឌ្ឍនៅក្នុងវត្តនេះដោយល្អប្រសើរនោះ ត្រូវបានគេសង្កេតឃើញថា កើតឡើងនៅក្នុងអាណត្តិរបស់ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។ ព្រះសិរីកោសល សុំ សុខា មានថេរដីកាឲ្យដឹងថា ព្រះអង្គត្រូវបាននិមន្តពីស្រុកកោះធំ ខេត្តកណ្តាល ឲ្យមកធ្វើជាព្រះចៅធអិការវត្ត នៅឆ្នាំ២០០៨។

ព្រះសិរីកោសល សុំ សុខា មានថេរដីកាបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រវត្តិរឿងរ៉ាវរបស់វត្តភ្នៀតសិម្ពលី វត្តនេះគឺមានអាយុកាលជាង៤០០ឆ្នាំមកហើយ ដែលបានកកើតសម័យសតវត្សទី១៦ ក្នុងគ្រាដែលព្រះបាទចន្ទរាជា ស្ដេចទ្រង់គ្រងនគរកម្ពុជានេះ ជាព្រះមហាក្សត្រ។ អតីតព្រះចៅអធិការជំនាន់ទី១ ត្រូវជាគ្រូរបស់ព្រះបាទចន្ទរាជាផ្ទាល់ ដែលបច្ចុប្បន្នមាននៅសល់ទីតាំងមួយគឺព្រះចេតិយបុរាណនៅខាងមុខព្រះវិហារដ៏ស្រស់ស្អាតនេះគឺជាមរតកនៃព្រះចន្ទរាជាដែលទ្រង់បានសាងថ្វាយចំពោះ ព្រះពុទ្ធសាសនា និង គ្រូរបស់ព្រះអង្គ»

ព្រះអង្គ មានសង្ឃដីកាបន្តថា ទីតាំងវត្តនេះ ជាមួយធំក្នុងចំណោមវត្តដទៃទៀតដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វត្តនេះត្រូវបានរបបប៉ុលពត វាយកម្ទេចខូចខាតស្ទើតែទាំងស្រុង ក្រោយឆ្នាំ១៩៧៩ តែអតីតព្រះចៅអធិការគ្រប់ជំនាន់បានប្រឹងប្រែងកសាងឡើងវិញជាមួយនឹងអាចារ្យគណៈកម្មការ និង ពុទ្ធបរិស័ទ គណៈជើងវត្ត។

តាំងពីព្រះសិរីកោសល សុំ សុខា ទទួលភារកិច្ចជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី ព្រះអង្គតែងតែបង្កើតកម្មវិធីអប់រំបែបពុទ្ធសាសនាផ្សេងៗ ទើបទីវត្តអារាមនេះ ត្រូវបានពុទ្ធបរិស័ទ្ធស្គាល់ជាហូរហែ។ ជាក់ស្តែង កម្មវិធីដ៏សំខាន់មួយ តែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នោះគឺកម្មវិធី អប់រំ សីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥០០អង្គ /នាក់ ដែលមកដល់ពេលនេះ កម្មវិធីត្រូវបាននិងកំពុងធ្វើ ក្នុងវគ្គទី ១១ ឆ្នាំ ១១ ។

ព្រះសិរីកោសល សុំ សុខា មានថេរដីកាបញ្ជាក់យ៉ាងដូច្នេះថា «លុះមកដល់ឆ្នាំ២០០៨ ខ្ញុំព្រះករុណាត្រូវបានព្រះសង្ឃអាចារ្យគណៈកម្មការ អាជ្ញាធរដែនដី និង ពុទ្ធបរិសទទៅនិមន្តពីស្រុកកោះធំមក ដើម្បីគង់នៅក្នុងទីអារាមវត្តនេះហើយបានដឹកនាំកសាងវត្តមកដល់បច្ចុប្បន្ននេះ។ តាំងពីខ្ញុំព្រះករុណា មកគង់នៅវត្តនេះ គឺអាត្មាតែងតែរៀបចំបំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន ៥០០អង្គ/នាក់ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសចំពោះពុទ្ធសាសនាផង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផង ក្នុងការស្ដារឡើងវិញ និង កសាងនៅធនធានមនុស្សរួមចំណែកអប់រំ សីលធម៌សង្គម ដើម្បីឱ្យសង្គមជាតិកម្ពុជារស់នៅ ពោរពេញទៅដោយ សុខសន្តិភាព និងសម្បូរទៅដោយអ្នកចេះដឹង ប្រកបទៅដោយ គុណធម៌ និង សីលធម៌ នៅក្នុងខ្លួន ទើបបានកម្មវិធីនេះប្រារព្ធឡើង ជារៀងរហូតមក»

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំ១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤។ វគ្គទី១១នេះ មានកុលបុត្រ កុលធីតា ៦៣០អង្គ/នាក់ ត្រូវបានបំបួស។

អ្នកបួស រួមមានទាំងមន្ត្រីជាន់ខ្ពស់ និស្សិត ពលរដ្ឋសាមញ្ញ និងសិស្សផងដែរ ដោយពួកគាត់អះអាងថា កម្មវិធីខាងលើនេះ មានសារៈសំខាន់ណាស់។ សំខាន់នៅត្រង់ថា ក្រៅពីបានសិក្សាបន្ថែមពីទ្រឹស្តីរបស់ពុទ្ធសាសនា នេះក៏ជាកម្មវិធីដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សក្នុងសង្គមទូទាំងប្រទេស, អប់រំខ្លួនឲ្យស្គាល់គុណឪពុកម្តាយ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាភរិយា លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចមហាបវរនាយករដ្ឋមន្ត្រី ក៏អញ្ជើញមកបួសជាសីលវតីដែរ។

លោកស្រី បានស្នើឱ្យនាំគ្នាស្រឡាញ់ និងបង្កើនភាពស្និតស្នាល រវាងគ្នា ហើយទ្រទ្រង់ព្រះពុទ្ធសាសនារបស់យើងឱ្យបានច្រើន នៅទីកន្លែងណាក៏ដោយ។

លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី បានឲ្យដឹងថា «សូមឱ្យយើងនាំគ្នាស្រឡាញ់ បង្កើនភាពស្និតស្នាល ទ្រទ្រង់ព្រះពុទ្ធសាសនារបស់យើងឱ្យបានច្រើន នៅទីកន្លែងណាក៏ដោយ មិនចាំបាច់តែវត្តភ្នៀតសម្ពលីនោះទេ គឺបងប្អូនទៅណាក៏ដោយសូមបងប្អូន បង្កើនក្ដីស្រឡាញ់ ក្ដីមេត្តា ស្រឡាញ់រាប់អានគ្នាកុំប្រកាន់វណ្ណៈ បក្សពួក គឺថាត្រូវស្រឡាញ់គ្នាឡើង ទាំងព្រះសង្ឃក្ដី ទាំងសីលវតីក្ដី»

ចំណែកឯ សីលវតី ផល្លា សន្យា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា ការបួសរបស់កញ្ញា នឹងអាចសងគុណឪពុកម្តាយ ហើយជារឿងនាំឲ្យពួកគាត់រីករាយ ពេលឃើញកូនមកអប់រំផ្លូវចិត្ត។ សីលវតី ក៏បានឆ្លៀតឱកាសពេលបួស ដើម្បីសម្តែងការដឹងកំហុស និងសុំការអធ្យាស័យពីឪពុកម្តាយផងដែរ។

សីលវតី ក៏បានសន្យាថា នៅពេលចប់ការបួសរយៈពេលខ្លីនេះ កញ្ញានឹងធ្វើជាកូនល្អ ពលរដ្ឋល្អ ស្តាប់សម្តីឪពុកម្តាយ និងខិតខំរៀនសូត្រដើម្បីគ្រួសារ។

សីលវតី ផល្លា សន្យា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអរគុណដល់ប៉ាម៉ាក់ខ្ញុំ ដែលគាត់បានបីបាច់ចិញ្ចឹមខ្ញុំបានយ៉ាងល្អតាំងពីតូចមក ហើយឲ្យកូនសុំទោស ដែលកន្លងមក កូនបានប្រើពាក្យសម្តីមិនសមរម្យ ក៏ដូចជាស្រែកគំហក និងខឹងសម្បារ ពេលគាត់ណែនាំឲ្យខ្ញុំល្អ»

សីលវតី រឿន ឡុងនី បានឲ្យដឹងថា នេះជាការបួសលើកទី២ របស់កញ្ញា។ កញ្ញា លើកឡើងថា ការបួសនេះដោយសារយល់ថា កុលបុត្រកុលធីតាខ្មែរ គួរតែសាងផ្នួសបានម្តង ក្នុងមួយជីវិត ដើម្បីបានសិក្សាពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់ ក្នុងការអប់រំខ្លួន។

សីលវតី រឿន ឡុងនី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់នាងខ្ញុំផ្ទាល់ សូមសំណូមពរដល់យុវជន យុវនារី ដែលរស់នៅប្រទេសយើង ឲ្យគាត់យល់ដឹង ពុទ្ធសាសនាយើងសំខាន់ណាស់ គាត់ត្រូវតែចូលរួមបួសឲ្យបានម្តង ក្នុងមួយជីវិត ដើម្បីឲ្យដឹងថា ពុទ្ធសាសនាយើង អប់រំយើង ប្រៀនប្រដៅយើង អំពីអ្វីខ្លះ»

យុវជន លី ដាលីន ពលរដ្ឋមកពីខណ្ឌឫស្សីកែវ មុនពេលសាងផ្នួស បាននិយាយថា ការសាងផ្នួស ជាការអប់រំផ្លូវចិត្ត និងជាការសិក្សាបន្ថែមពីព្រះពុទ្ធសាសនា។ កុលបត្រ ដាលីន ថែមទាំងបានជំរុញដល់យុវជន យុវនារីគ្រប់រូប ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរផ្លូវល្អក្នុងសង្គម និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

យុវជន លី ដាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្អូនៗសម័យឥលូវ កុំធ្វើអ្វីមិនល្អចំពោះឪពុកម្តាយ ក៏ដូចជាក្រុមគ្រួសារ សូមបងប្អូនកែខ្លួន ទាន់នៅក្មេង»

ទន្ទឹមនេះ សាមណេរ ទេព ច័ន្ទរង្សី សិស្សថ្នាក់ទី៧ សាលាបញ្ញាសាស្ត្រអន្តរជាតិ មានសង្ឃដីកាថា ការសាងផ្នួសរបស់ព្រះអង្គ ដើម្បីបំពេញបំណងរបស់ញោមស្រី។ ព្រះអង្គយល់ថា ការបួសនេះ ក៏បានបង្រៀនឲ្យព្រះអង្គដឹងពីគុណធម៌ សីលធម៌ និងចរិយាធម៌ កាន់តែខ្លាំង លើសពីអ្វីដែលមានបង្រៀននៅសាលា។

សាមណេរ ទេព ច័ន្ទរង្សី ដែលជាក្មួយប្រុសបង្កើតរបស់លោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា៖ «កូណាគិតថា ការបួសនេះជួយកែប្រែកូណា តាមរយៈបណ្តុះសីលធម៌ អប់រំឲ្យប្រព្រឹត្តអំពើល្អ ដោយក្នុងសៀវភៅនៅសាលាពុំមានទេ។»

ព្រះតេជគុណ ចន្ថា ភារម្យ រៀនថ្នាក់ទី៤ មកពីសាលាពោធិវ័ន្ត មានសង្ឃដីកាថា ព្រះអង្គចង់ឃើញមិត្តភក្តិមកបួសដែរ។ សាមណេរ វ័យក្មេង អះអាងថា ព្រះអង្គបួសនៅពេលនេះ យ៉ាងហោចណាស់ ក៏បានយល់ដឹងមួយចំណុចដែរ នោះគឺបានសងគុណឪពុកម្តាយ ខណៈព្រះអង្គពុំដែលបង្កកំហុសលើអ្នកមានគុណទាំងពីរឡើយ។

ព្រះតេជគុណ ចន្ថា ភារម្យ មានសង្ឃដីកាបញ្ជាក់យ៉ាងដូច្នេះថា «ចង់ឃើញមិត្តភក្តិមានសីលធម៌ល្អនៅក្នុងខ្លួន និងចង់ឃើញមិត្តភក្តិមកបួសសងគុណឪពុកម្តាយដែរ»

សម្រាប់ព្រះសិរីកោសល សុំ សុខា ព្រះអង្គមានគោលដៅរៀបចំកម្មវិធី អប់រំ សីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥០០អង្គ /នាក់ នៅពេលខាងមុខទៀត ឲ្យតែព្រះអង្គនៅមានកម្លាំងពលំ។ ព្រះអង្គចង់ឃើញទីអារាមនេះ ក្លាយជារមណីយដ្ឋានសាសនា និងជាមជ្ឈមណ្ឌលអប់រំតាមបែបពុទ្ធសាសនាតែម្តង។

ព្រះចៅអធិការវត្តភ្នៀតសិម្ពលី មានសង្ឃដីកាបញ្ជាក់យ៉ាងដូច្នេះថា «ទិសដៅនៅទីនេះ ទី១ ចង់ឲ្យក្លាយជារមណីយដ្ឋានសាសនា និងទី២ ចង់ឲ្យទីនេះក្លាយជាមជ្ឈមណ្ឌលអប់រំ ដ៏មានប្រសិទ្ធភាពមួយ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ហើយទី៣ ចង់យកវត្តនេះឲ្យក្លាយជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដែលគ្នាមិនមានលទ្ធភាពច្រើន ដើម្បីសិក្សារៀនសូត្រ»

ជាចុងក្រោយព្រះអង្គសំណូមពរ បើសិនជាអាច នៅតាមបណ្ដាខេត្ត ឬ បណ្ដាវត្តផ្សេងៗ រៀបចំនៅកម្មវិធីនេះ ទោះតិច ឬ ច្រើន តូចក្តី ធំក្ដី ប៉ុន្តែឱ្យបានមួយឆ្នាំម្ដង ពីព្រោះពិធីនេះអាចបង្កលក្ខណៈឱ្យយុវជន យុវនារីរបស់យើង បានចូលរួមស្ដាប់អំពីការអប់រំសីលធម៌ដែលបង្រៀនដោយព្រះសង្ឃជាឧទ្ទេសសាចារ្យ ហើយក៏បានចូលរួមជួយសង្គមមនុស្សក្នុងការបង្ហាត់បង្ហាញ ពីភាពមេត្តាករុណាដល់គ្នា និងការរស់នៅប្រកបដោយសន្តិភាពផ្លូវចិត្ត។ វត្តអារាមដើរតួរនាទី សំខាន់ណាស់ ក្នុងការជួយសីលធម៌ វប្បធម៌ក្នុងការរស់នៅ ហើយក្រៅពីសាលារៀនគឺវត្តអារាមអាចរៀបចំកម្មវិធីនេះ ដើម្បីជួយដល់យុវជន យុវនារី។

សូមជម្រាបថា ឆ្នាំនេះសិក្ខាកាម ដែលមកចូលរួមកម្មវិធីបួសនៅវត្តភ្នៀតសិម្ពលី ខាងរាជធានីភ្នំពេញ ច្រើនជាងគេ មានចំនួន ៣៨៩នាក់ ខណៈសិក្ខាកាមចូលរួម ពី ១៧ រាជធានី-ខេត្ត សរុបទៅមានចំនួន ៦៣០រូប ។ នៅក្នុងនោះមានបួសជាព្រះសង្ឃ ២៧០ អង្គជាសាមណេ រីឯបួសជាសីលវតីមាន ៣៦០រូប។

បុរសដែលបានបួសហើយ លាចាកសិក្ខាបទទៅវិញនៅថ្ងៃទី ៧ ប៉ុន្តែនៅសល់ ៩០អង្គដែលមិនលាចាកសិក្ខាបទទេ។ រីឯសីលវតី លាចាកសិក្ខាបទត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ប្រកបរបររកទទួលទានចិញ្ចឹមជីវិត៕