(កណ្ដាល)៖ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១១ និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារជំនាន់ទី២ សរុបចំនួន២២៣នាក់ បានទទួលឱវាទព្រះពុទ្ធសាសនាអប់រំចិត្ត បង្ហាញផ្លូវធម៌ក្នុងនាមជានគរបាលជាតិ នគរបាលយុត្តិធម៌ ពីសំណាក់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកមវិទ្យាល័យព្រះសីហនុរាជ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនេះមានការអញ្ចើញជាវត្តមានផងដែរពីសំណាក់លោកស្រី កែ សួនសុភី សសុខា ជាភរិយារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាច្រើននាក់ និងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភារ្យនគរបាលកម្ពុជាផងដែ។

សំដែងព្រះធម៌ដល់ពុទ្ធសាសនិកទាំងឡាយក្នុងកម្មវិធីទាំងមូល, សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានមានដីការលើកទឹកចិត្តដល់មន្ត្រីនគរបាលទាំងអស់ប្រកាន់ខ្ចាប់នូវគោលការណ៍សន្តិវិធី មានចិត្តធម៌ មានចិត្តមេត្តា ទន់ភ្លន់តែម៉ឺងម៉ាត់ ពិសេសអនុវត្តន៍កិច្ចការបម្រើជាតិបម្រើប្រជារាស្ត្រសមប្រកបដោយគុណធម៌ ព្រោះនគរបាលគ្រប់រូបមានបន្ទុកធ្ងន់ណាស់ គ្មានពេល គ្មានម៉ោងសម្រាកទេ ឲ្យតែប្រជារាស្ត្រមានការចាំបាច់ ទោះកណ្ដាលយប់ក្ដី ពេលកំពុងសម្រាន្តលង់លក់សុខស្រួលក្ដី ក៌ត្រូវស្ទុះស្ទារទៅជួយប្រជារាស្ត្រដែរ។

ដូច្នេះសូមដាក់ចិត្ត ដាក់កាយជាមួយព្រះធម៌នូវកិច្ចការដ៏លំបាកនេះ ហើយសូមចម្រើនពរកោតសរសើរជាពិសេសដល់ញោមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ដែលបានខិតខំដឹកនាំអង្គភាពដ៍សំខាន់មួយប្រកបដោយគុណភាព និងជាមេដឹកនាំដ៍ល្អមួយរូបផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានផ្ដាំផ្ញើដល់និសិតជ័យលាភីទាំងអស់ ត្រូវត្រាប់ស្ដាប់ដំបូន្មានពីសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាពិសេសត្រូវយកពេលស្ដាប់ព្រះធម៌អប់រំផ្លូវចិត្ត តាមបណ្ដាញសង្គមឲ្យបានច្រើនតាមដែលធ្វើបាន ដើម្បីជាប្រយោជន៍ផ្លូវចិត្តរបស់អ្នកទាំងអស់គ្នា ក្នុងការរក្សាបានចិត្តសង្បល្អ រក្សាស្មារតីបានរឹងមាំ ខួរក្បាលភ្លឺថ្លា សម្រេចបានកិច្ចការងារបានល្អ ច្បាស់លាស់ និងប្រកបដោយគុណភាពល្អពិតប្រាកដ និងមនសិកាជាតិខ្ពស់។

ដើម្បីទុកជាអនុស្សាវរីយ៍ដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ លោកស្រី កែ សួនសុភី សសុខា បានជូនវត្ថុប្រើប្រាស់មួយចំនួនរួមមាន៖ ដបទឹកក្ដៅ-ត្រជាក់១ កន្សែងពោះគោ១ សៀវភៅសរសេរ១ក្បាល ប៊ិក១ដើម កែវកាហ្វេ១ សៀវភៅ១០១សំណួរយល់ដឹងអំពីព្រះពុទ្ធសាសនារៀបរាងដោយព្រះគ្រូ គូ សុភាព ចំនួន១ក្បាលផងដែរ។

ក្រុមនិស្សិតដែលបានចូលរួមកម្មវិធី បានសំដែងការត្រេកអរសប្បាយចិត្ត និងប្ដេជ្ញាចិត្តថា នឹងយកចំណេះជំនាញដែលបានខិតខំរៀនសូត្រនេះ ទៅបម្រើជាតិ មាតុភូមិ ប្រជារាស្ត្រឲ្យបានល្អ សមប្រកបតាមគន្លងព្រះធម៍ សក្ដិសមជាមន្ត្រីនគរបាលយុត្តិធម៍ពិតប្រាកដ៕