(កំពង់ធំ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងលោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរសំបូរព្រៃគុក បានអញ្ជើញជាគណ:អធិបតីរៀបចំខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីតាំងតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

លោក ហាប់ ទូច បានបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចបញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីអំឡុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ នាថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៧ គិតមកដល់ថ្ងៃនេះ គឺជាគម្រប់ខួប ៧ឆ្នាំ។ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។

ការសម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។

លោកបន្តទៀតថា ប្រាសាទនេះជារាជធានីបុរាណសម័យចេនឡា ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនីមួយៗ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។

បើតាមប្រវត្តិសាស្ត្រសម័យចេនឡា ព្រះបាទឦសានវម៌្មទី១ បានតាំងរាជធានីដំបូងនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ នាស.វ.ទី៧។ សិលាចារឹកជាភាសាសំស្ក្រឹត និងភាសាខ្មែរ រាជធានីនេះមានឈ្មោះថា «ឦសានបុរៈ» ជានាមរបស់ព្រះអង្គផ្ទាល់ អ្វីដែលសំខាន់នោះ។

ចំពោះការកសាងប្រាសាទគឺមានច្រើនដំណាក់កាល ដោយមានព្រះមហាក្សត្រច្រើនអង្គបានចាប់កសាង និងបន្តកសាងប្រាសាទជាបន្តបន្ទាប់ ពោលគឺចាប់ពីសតវត្សទី៧-១១ ក្នុងនោះមានប្រាសាទប្រមាណ ៨០ប្រាសាទ។ ក្នុងចំណោមប្រាសាទនេះភាគច្រើនបានកសាង ក្នុងរាជ្យស្ដេច ៣អង្គ គឺព្រះបាទឦសានវម៌្មទី១ ព្រះបាទមហេន្រ្ទវម៌្ម និងព្រះបាទភវវម៌្មទី២ ក្រៅពីនេះមានព្រះបាទជយវម៌្មទី១ ព្រះមហាក្សត្រីជយទេវី (ចុងសម័យចេនឡា) ព្រះបាទជយវម៌្មទី២ ព្រះបាទឧទយាទិត្យវម៌្មទី២ (សម័យអង្គរ) ជាដើម ខណៈប្រាសាទទាំងនោះមានទម្រង់រចនាបថច្រើន ដូចជា រចនាបថសំបូរព្រៃគុក រចនាបថព្រៃក្មេង រចនាបថកំពង់ព្រះ រចនាបថគូលែន និងរចនាបថបាពួន។

សូមបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត៕