រឿង «ជំនួញអាគម» ចាយទុន៦ម៉ឺនដុល្លារ របស់ផលិតកម្ម រ៉ក់ ត្រូវបានសម្ពោធបញ្ចាំងជាផ្លូវការ
20-09-2016 13:27
(ភ្នំពេញ)៖ ផលិតកម្មរ៉ក់ បានសម្ពោធ ចាក់បញ្ចាំងជាផ្លូវការ នូវខ្សែភាពយន្តរឿង «ជំនួញអាគម» ដែលចាយទុនផលិតអស់ ចំនួន៦ម៉ឺនដុល្លារ នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ ដែលនឹងត្រូវបញ្ចាំងជាផ្លូវការ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ គ្រប់រោងកុនទំនើបៗទាំងអស់ ក្នុងរាជធានីភ្នំពេញ, រោងកុនលុច្ស,ខេត្តសៀមរាប និងខេត្តកំពង់ចាម ក្នុងពេលតែមួយព្រមគ្នាតែម្ដង។
ថ្លែង ក្នុងពិធីសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្តរឿង «ជំនួញអាគម» នាល្ងាចមិញនេះ នៅរោងកុន Legend ផ្សារទំនើបស្ទឹងមានជ័យ លោក យឹម សុសត្យា ប្រធានគ្រប់គ្រងទូទៅ របស់ផលិតកម្មរ៉ក់ បានបញ្ជាក់ថា ផលិតកម្មរ៉ក់ នៅតែមានឆន្ទៈក្នុងការលើកស្ទួយ ខ្សែភាពយន្តខ្មែរ ដូច្នេះយើងនៅតែបន្ត ផលិតភាពយន្ត ដែលឆ្លុះបញ្ចាំងគ្រប់រសជាតិ ពីសង្គម ដើម្បីទទួលបានការគាំទ្រ យ៉ាងពិតប្រាកដ ពីទស្សនិកជន។ ដូច្នេះហើយបានជាផលិតកម្មរ៉ក់ បានសម្រេចចិត្ត នាំយកខ្សែភាពយន្តរឿង «ជំនួញអាគម» មកផលិត និងដាក់សម្ពោធ ជាផ្លូវការនាថ្ងៃទីទី១៩ ខែកញ្ញា នេះ។
លោក យឹម សុសត្យា បានបន្តថា រឿង«ជំនួញអាគម» ជាខ្សែភាពយន្តមួយ ដែលនិយាយពីជំនួញ រវាង អាចារ្យ និងខ្មោច លាយឡំជាមួយនឹង អាថ៌កំបាំងនៃអាគម រវាងមនុស្ស៣នាក់ ផ្សំជាសាច់រឿងមួយ ដែលពោរពេញដោយការចងអាឃាត មនោសញ្ចេតនា គំនុំ ព្យាបាទ និងកំប្លុកកំប្លែង ដែលធានាថា នឹងធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ អណ្តែតអណ្តូង តាមដានទស្សនាស្ទើរភ្លេចដកដង្ហើម ជាក់ជាមិនខាន។
ដោយឡែក លោក ឡុង សារ៉ន (មង្គល) អ្នកនិពន្ធ និងដឹកនាំសម្ដែង បានថ្លែងឲ្យដឹងដែរថា ខ្សែភាពយន្តរឿង «ជំនួញអាគម» ជាខ្សែរឿងបែបកម្សាន្ត សប្បាយអារម្មណ៍លាយឡំ នឹងភាពព្រឺព្រួច បង្កប់នូវផ្នត់គំនិតមួយចំនួន ហើយសាច់រឿងទាំងមូល បត់បែនឡើងចុះ ទៅតាមអាថ៌កំបាំងរបស់រឿង។ អ្វីដែលប្លែកនោះ គឺសាច់រឿងមានភាពក្រឡាប់ចាក់ បំភ័ន្តភ្នែកអ្នកទស្សនា មិនឲ្យដឹងសាច់រឿង និងប្លង់បច្ចេកទេសច្រើន ក៏ដូចជាប្រើក្រាហកវិចកុំព្យូទ័រ។
សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «ជំនួញអាគម» នឹងត្រូវចាក់បញ្ចាំង នៅរោងកុន Platinum ភ្នំពេញ និង Major Cineplex Legend ទាំងបីសាខា (Citymall ,Tk Avenue ,Steung Mean chey Market) រោងភាពយន្តបារាយណ៍អណ្តែត ខេត្តសៀមរាប និងសាលមហោស្រពព្រះសីហមុនី ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ៕