(ព្រះវិហារ)៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព ចុះទស្សនកិច្ចសកម្មភាព បោសសម្អាតមីនរបស់អង្គការ APOPO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ គណៈប្រតិភូ UN អមដំណើរ រួមមាន លោកស្រី Ilene Cohn នាយក UNMAS, លោក Jo Scheuer ប្រធាន UN ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះ លោក Jean-Pierre Lacroix បានលើកឡើងថា លោកមានកិត្តិយសដែលបានមកទស្សនកិច្ចនៅកម្ពុជាក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ព្រមទាំងបានឃើញយ៉ាងច្បាស់ពីការរីកចម្រើន និងសមត្ថភាពដោះមីនរបស់កម្ពុជា ដែលត្រូវបានគេចាត់ទុកជាប្រទេសគំរូមួយ។

លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ពីសមត្ថភាព និងជំនាញនៃការបោសសម្អាតមីនរបស់កម្ពុជា ហើយបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដោះមីនកម្ពុជា មិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេស ទៀតផង។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាននូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលរួមចំណែកដល់ដំណើរការរក្សាសន្តិភាព ក៏ដូចជាគាំទ្រដល់សកម្មភាពមីន មនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។

ទេសរដ្ឋមន្រ្តី បានលើកឡើងថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។

ទេសរដ្ឋមន្រ្តី គូសបញ្ជាក់ទៀតថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលបាននិងកំពុងទទួលផលប្រយោជន៍ពីគម្រោងបោសសម្អាតមីនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូអង្គការសហប្រជាតិ នៅចម្ការមីនកំពុងបោសសម្អាតរបស់អង្គការ APOPO គាំទ្រពីប្រទេសបែលហ្សិក គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឱ្យខេត្តព្រះវិហារប្រសើរឡើង និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសុវត្ថិភាពដល់សហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋាន បេតិកភ័ណ្ឌពិភពលោកកោះកេរ៕