(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤) នាពេលខាងមុខនេះ ក៏ដូចជាដើម្បីជាការលើកទឹកចិត្តកម្លាំងអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារអាវុធហត្ថពលី-មរណៈ និវត្តន៍ជនមានជំងឺ និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគល់ជូនផងដែរ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានលើកឡើងថា ក្នុងនាមយើងជាអ្នកជំនាន់ក្រោយត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាពិសេសនិវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈដោយមិនត្រូវទុកឳ្យពួកគាត់រស់នៅឯកោ ដោយមិនបានយកចិត្តទុកដាក់នោះទេ ។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេរៈភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរស់នៅរបស់នាយទាហាន នាយទាហានរង ជាពិសេស និវត្តន៍ជន អាវុធហត្ថមានជម្ងឺ ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ ។

ជាមួយការសំណេះសំណាល និងសួរសុខទុកនេះ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ទៅប្រគល់ជូន និវត្តន៍ជនអាវុធហត្ថមានជម្ងឺដោយក្នុងនោះមានគ្រឿង ឧបភោគបរិភោគ រួមទាំងថវិការកំដរដៃមួយចំនួនផងដែរ។

ចំពោះការយកចិត្តទុកដាក់ និងលើកទឹកចិត្តខាងលើនេះ មន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍ និងមន្ត្រីដែលកំពុងមានជំងឺបានលើកឡើងថា ប្រហាក់ប្រហែលគ្នាថា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ឃើញថាប្រទេសជាតិមានភាពរីកចម្រើន យ៉ាងខ្លាំងក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនេះតែម្តង។

មន្ត្រីជំនាន់ក្រោយគឺពិតជាសសរទ្រូងប្រទេសជាតិ ដែលមានទាំងចំនេះដឹង និងចំនេះធ្វើដ៏មានគុណភាព និងគុណធម៌យ៉ាងល្អឥតខ្ចោះ ក្នុងការងារថែរក្សាសន្តិសុខជូនប្រជាជន និងប្រទេសេជាតិ ក្នុងនោះគឺមិនភ្លេចទេ មន្ត្រីចាស់ៗ ដែលចូលនិវត្ត គ្រួសារមន្ត្រីដែល ពលីមរណៈ។

នៅថ្ងៃដដែរនោះ លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា ក៏បានជួបសំណេះសំណាល និងផ្តាំផ្ញើរដល់មន្ត្រី កងរាជអាវុធហត្ថដែលត្រូវបំពេញ ភារៈកិច្ចចូលរួមឈរផែន ក្នុងទិវាខួបកំណើតកងរាជអាវុធហត្ថលើកទី៣១ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤) នៅភ្នំជំរាយ ខេត្តកំពងឆ្នាំង និងកម្មវិធីបើកការដ្ឋានសាងសង់សាលមហោស្របគោកធ្លកនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។ ក្នុងនោះលោកក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅប្រគល់ជូនផងដែរមានដូចជា អាវភ្លៀង មួក និងអាវយឺត។

លោកឧត្តមសេនីយ៍ រ័ត្ន ចាន់ណា បានផ្ដាំផ្ញើថា ក្នុងនាមជានាយទាហានកងរាជអាវុធហត្ថគឺត្រូវតែមានវិន័យល្អ មិនត្រូវពាក់ព័ន្ធជាមួយអំពើខុសច្បាប់ណាមួយដាច់ខាត បើសិនរកឃើញថាមានពាក់ព័ន្ធ នឹងទទួលពិន័យមិនលើកលែងដាច់ខាត ។

ចប់ប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាប្រគល់ជូនដល់និវត្តន៍ជន អាវុធហត្ថមានជម្ងឺ  ព្រមទាំងគ្រួសារអាវុធហត្ថពលី-មរណៈ  សរុបចំនួន ១២នាក់ ក្នុងនោះទទួលបាន ៖ អង្ករ១២បេ ភេសជ្ជៈ ១២កេស ទឹកសុទ្ធ ១២កេស មី ១២កេស ត្រីខ១២យួ ទឹកត្រី ១២យួ ទឹកស៊ីអ៉ីវ ១២យួ និងថវិកាចំនួន ៩.៧២៤.០០០៛៕