(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ស្រុកតាលោសែនជ័យ ដែលជាស្រុកកូនពៅ ទើបនឹងបង្កើតថ្មីរបស់ខេត្តពោធិ៍សាត់ នឹងត្រូវប្រែមុខប្រែមាត់ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ, ដូច្នេះយើងត្រូវជំរុញ និងចលនាដាំដើមឈើ ធ្វើយ៉ាងណាដាំឱ្យមានសោភ័ណភាព ដាំឱ្យរស់ និងដាំឱ្យបានហើយរួចរាល់ ក្នុងឆ្នាំ២០២៤នេះ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសឆ្លៀតពេលទំនេរពីការងារ ពិសេសក្នុងថ្ងៃឈប់សម្រាក (ថ្ងៃអាទិត្យ) ចុះចលនាដាំដើមឈើ ក្នុងស្រុកតាលោសែនជ័យ ដោយបានការចូលរួមពីលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកជាច្រើននាក់ទៀត។

លោក ខូយ រីដា បានលើកឡើងថា ចំពោះការដាំដើមឈើនៅស្រុកតាលោសែនជ័យនាពេលនេះ គឺដោយសារស្រុកនេះ ជាស្រុកកូនពៅ ទើបនឹងបង្កើតថ្មី របស់ខេត្តពោធិ៍សាត់។ ក្នុងរយៈពេលមួយខែ ដែលយើងចាប់ផ្ដើមដាំ ទាំងនៅបរិវេណសាលាស្រុក និងតាមដងផ្លូវសង្ខាង យើងត្រូវដាំធ្វើយ៉ាងណា ដាំឱ្យបានហើយរួចរាល់ ក្នុងឆ្នាំ២០២៤នេះ។ ប្រសិនបើយើងដាំបាននៅឆ្នាំនេះ នោះ៣ឆ្នាំក្រោយ សោភ័ណភាពនៅទីប្រជុំស្រុកយើងនេះ នឹងមានព័ណ៌បៃតងស្រស់ ហើយជាគោលនយោបាយរបស់រដ្ឋាភិបាល គឺទីប្រជុំជន ត្រូវដាំដើមឈើឱ្យបាន៣០%នៃផ្ទៃដី។

លោកបានបន្តថា ដោយសារស្រុកនេះទើបបង្កើតថ្មីនេះហើយ បានជាយើងរៀបចំផ្លូវទាំង៦ខ្សែ ប្រវែងជិត៥គីឡូម៉ែត្រ គិតពីបច្ចុប្បន្នទៅអនាគត ឱ្យមានទំហំធំរួចជាស្រេច ដែលមានទំហំរហូតដល់៣០ម៉ែត្រ។ ដូច្នេះហើយថ្ងៃក្រោយ រាល់ការសាងសង់សំណង់របស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវនេះ គឺមានខ្នាតរួចស្រេច និងចម្ងាយពីទ្រូងផ្លូវទៅមុខផ្ទះ រហូតដល់២០ម៉ែត្រឯណោះ។ ពិតណាស់លោកមកទីនេះ គឺដើម្បីឱ្យស្រុកដែលបង្កើតថ្មី មានសោភ័ណភាព ទាំងបរិស្ថាន ទាំងរុក្ខជាតិ និងផ្លូវទាំងអស់ ឱ្យប្រហាក់ប្រហែលនឹងក្រុងស្រុកដទៃ នៃខេត្តពោធិ៍សាត់។

លោកបានគូសបញ្ជាក់ថា ឥឡូវនេះនៅបឹងព្រះពន្លៃ «បឹងព្រះពន្លាជ័យ» របស់ស្រុកតាលោសែនជ័យ ត្រូវបានលោក កែវ រតនៈ ប្រធានក្រុមការងារក្រុងការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ ដោយបានចាត់ឱ្យរដ្ឋបាលខេត្ត រៀបចំដើម្បីជំរឿនប្រជាជន ធ្វើការដោះដូរចេញពីតំបន់នេះ ព្រោះថាទីតាំងនេះមានហ្វូងកុក និងសត្វស្លាបចុះមកគ្រប់ប្រភេទ រាប់ម៉ឺន រាប់សែនក្បាល។ លោកបានបន្ថែមថា តំបន់អភិរក្សបឹងព្រះពន្លៃ ត្រូវកែកុនជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ហើយបើយើងមិនរៀបចំទេនោះ តំបន់ទាំងអស់នឹងកាន់តែបាត់បង់ និងរឹចរិលទៅ គ្មានសុភ័ណភាពឡើយ។

លោក ខូយ រីដា បានគូសបញ្ជាក់បន្ថែមថា ស្រុកតាលោសែនជ័យ នឹងប្រែមុខប្រែមាត់ ដូចបណ្ដាក្រុងស្រុកទាំង៦ នៃខេត្តពោធិ៍សាត់ ដូច្នេះហើយបានជាលោកជំរុញ និងចលនាបំណិនជីវិត ឱ្យដាំដើមឈើនៅម៉ោងទំនេរ និងថ្ងៃសម្រាកពីការងារ ដោយមានចូលរួមជាមួយមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីរាជការ របស់សាលាស្រុកតាលោសែនជ័យផងដែរ។ ពិតណាស់ជាគោលការណ៍ គឺយើងត្រូវដាំដើមឈើ គ្រប់ទីប្រជុំជន វត្តអារាម មន្ទីរពេទ្យ សាលារៀន នៅគ្រប់ស្រុកក្រុង សម្រាប់ស្រុកតាលោសែនជ័យ គឺយើងត្រូវដាំឱ្យបានចប់រួចរាល់ ចន្លោះពី៤ពាន់ ទៅ៥ពាន់ដើម ដោយត្រូវដាំ ដោយយកចិត្តទុកដាក់ ទាំងសោភ័ណភាព និងទាំងដាំឱ្យរស់ មានព័ណ៌ប៉ៃតងស្រស់ស្អាត៕