(តាកែវ)៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនល្មើសជាក្មេងទំនើងចំនួន២នាក់ ដែលជិះម៉ូតូកាន់ដាវជាប់ខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

យោងតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចអធិការដ្ឋានស្រុកអង្គបូរី បានឃាត់ខ្លួនក្មេងទំនើងពីរនាក់ ជិះម៉ូតូចំនួនមួយគ្រឿងប្រដាប់ដោយដាវប្រវែង៥៧សង់ទីម៉ែត្រចំនួនមួយដើម នៅចំណុចស្ពានហូរឈាមស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី។

ក្នុងករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ឈ្មោះ អ៊ិន ហុងនី អាយុ២៣ឆ្នាំ និងឈ្មោះ ចន វ៉ាន់ អាយុ២០ឆ្នាំ។

សេចក្តីប្រកាសខាងលើ ក្រោយពីបានសាកសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ខាងលើ ពីបទ «កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» ដែលជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕