(ភ្នំពេញ)៖ ជនសង្ស័យចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបានជាបន្តបន្ទាប់។

ក្រោយបង្ក្រាបបាន នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជាសាធារណៈ ដឹកនាំដោយលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយបង្ហាញមុខរួចហើយ នគរបាលបានបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។

លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់ថា ដោយមានការឯកភាព និងដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងស្នងការរងទទួលដឹកនាំការិយាល័យ និងមានការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងនោះ សមត្ថកិច្ចជំនាញបង្ហាញមុខជាសាធារណៈចំពោះជនសង្ស័យចំនួន១៥នាក់ (ស្រី៣នាក់) ដែលបង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស (ប្រើប្រាស់អាវុធភ្ជង់គម្រាមកំហែងយកម៉ូតូ-សម្ភារ-លួចកាច់បំបែកសោកម៉ូតូ-សមគំនិត) រួមមាន៖

១-ឈ្មោះ ស៊ូ វាសនា ហៅឆេ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ មុត រដ្ឋា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ, ៣-ឈ្មោះ ឥន ចាន់សុផុន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ៤-ឈ្មោះ មាស គឹមវ៉ៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ៥-ឈ្មោះ រ៉ុង រស្មី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ, ៦-ឈ្មោះ ថាម វឌ្ឍនៈភូមី អាយុ៣៣ឆ្នាំ មុខរបរអ្នកភ្លេង, ៧-ឈ្មោះ ឈិន សុខជា អាយុ៣៥ឆ្នាំ មុខរបរលក់ខោអាវ, ៨-ឈ្មោះ សុខ វិសាល អាយុ៣២ឆ្នាំ លក់កាហ្វេ, ៩-ឈ្មោះ ពៅ ពណ៌ អាយុ២៣ឆ្នាំ មុខរបរលក់ដូរ, ១០-ឈ្មោះ សំ សុណា អាយុ១៩ឆ្នាំ មុខរបរលក់ដូរ, ១១-ឈ្មោះ មុំ ពលរិទ្ធ អាយុ២៧ឆ្នាំ មុខរបរជាងដែក។

លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់ថា ប្រតិបត្តិការតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យ (ប្លន់ប្រដាប់អាវុធ) ទាំងនេះបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ និងមានកិច្ចសហការល្អពីកម្លាំងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ រហូតដល់វេលាម៉ោង១៦៖៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ទើបអាចឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន១៣នាក់ (ស្រី៣នាក់) និងដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង, ទូរសព្ទដៃ២គ្រឿង, អាវុធខ្លី១ដើម ZORAKI ពណ៌ទឹកប្រាក់-ខ្មៅ និងអាវុធវែង១ដើមទៀត (ប្រើហ្គាស)។

លោកវរសេនីយ៍ឯក អេង សោភា បន្តថា បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ១៣នាក់ (ស្រី៣នាក់) និងដកហូតវត្ថុតាងមួយចំនួន, កម្លាំងសមត្ថកិច្ចបានបន្តតាមស្រាវជ្រាវរហូតដល់វេលាម៉ោង១១៖០០នាទីថ្ងៃទី០៦ ពោល២ថ្ងៃក្រោយទើបអាចឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបក្ខពួកជនសង្ស័យប្រុសបន្ថែម២នាក់ទៀត សរុប១៥នាក់ (ស្រី៣នាក់)។ ក្រោយពីធ្វើការស្រាវជ្រាវ និងសាកសួរតាមជំនាញ សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យដៃដល់ ដែលជាប់ពាក់ព័ន្ធក្នុងករណី (ប្រើប្រាស់អាវុធភ្ជង់គម្រាមកំហែងយកម៉ូតូ-សម្ភារ) និងអំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោកម៉ូតូ) សរុបចំនួន១១នាក់ (ស្រីម្នាក់)។

សូមបញ្ជាក់ថា បើតាមលោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សម្រាប់ជនសង្ស័យទាំង១១នាក់ (ស្រីម្នាក់) ដែលពាក់ព័ន្ធបទល្មើស (ប្រើប្រាស់អាវុធភ្ជង់គម្រាមកំហែងយកម៉ូតូ-សម្ភារ) និងអំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោកម៉ូតូ) ចំនួន១ករណីដំបូង បានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សម្រាប់១ករណីទៀត បានកើតឡើងទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលធ្វើដំណើរតាមដងផ្លូវស្រាប់តែលេចមុខជនសង្ស័យមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពប្រើអាវុធខ្លីគម្រាមប្លន់យកម៉ូតូ១គ្រឿង ម៉ាកស្កុបពី សេរីឆ្នាំ២០២៤ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១KB-៧៥២៨ និងទូរសព្ទដៃ២គ្រឿង (ម៉ាក iphone6 ពណ៌ស និងម៉ាក VIVO ពណ៌ផ្ទៃមេឃ) បានសម្រេច ហើយជនសង្ស័យនាំគ្នាជិះរត់គិចខ្លួនបាត់តែម្ដង ស្ថិតនៅចំណុចមុខហាងខ្យល់ទន្លេ តាមបណ្ដោយផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៣៖២០នាទីទាបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ជនរងគ្រោះឈ្មោះ អាត ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្នុងករណីទី២ បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសេសលោកឧត្តមសេនីយ៍ឯក ជួន ណារិន បន្ទាប់ពីទទួលបានម៉ូតូ១គ្រឿងរបស់ខ្លួនទៅប្រើប្រាស់វិញ ដែលកម្លាំងសមត្ថកិច្ចដកហូតបានជាវត្ថុតាងពីក្រុមជនសង្ស័យ សម្រាប់អំពើប្លន់មួយនេះ៕