(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង លោក លុយ ដាវីត នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យពុទ្ធាពិសេក និងបុណ្យស្រោចសុគន្ធវារីប្រគេនព្រះចៅអធិការវត្តធម្មរតនារាម ហៅវត្តស្រ្តាស់បួ នៃសមាគមអរិយធម៌ខ្មែរប្រទេសបារាំង ព្រះនាម ស្រ៊ី សុខណុច (បញ្ញាបជ្ជោតោ) ព្រះគ្រូសូត្រស្តាំ ឆ្វេង ព្រះលេខា និងបុណ្យសម្ពោធឆ្លងសម្ធិផលនានា រួមមាន៖ សំយ៉ាបដំបូល របងវត្ត និងឥដ្ឋដែលបានក្រាលនៅជុំវិញវត្តជាដើម។

ក្នុងពិធីពុទ្ធាពិសេកដ៏មហោឡារិកនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួម របស់ព្រះសង្ឃសរុបចំនួន២០អង្គ មកពីវត្តនៅទីក្រុងប៉ារីស ស្រ្តាស់បួ និងទីក្រុងភ្នំពេញ ជាពិសេសព្រះបវរសត្ថា ហួរ សារិទ្ធ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យគណរាជធានីភ្នំពេញ ព្រះគ្រូសូត្រស្តាំវត្តលង្កា និងជាសាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ គង់នៅវត្តប្រាសាទនាងខ្មៅ រួមទាំងប្រជាពលរដ្ឋខ្មែរជាង ៦០០នាក់ ដែលអញ្ជើញមកពីគ្រប់ទិសទីនៃប្រទេសបារាំង ប្រទេសបែលហ្ស៊ិក ហូឡង់ អាលឺម៉ង់ លុចសំបួ និងស្វីស ផងដែរ។

នៅពេលព្រឹក កម្មវិធីបុណ្យបានចាប់ផ្តើមដោយការធ្វើបទនមស្ការសមាទានសីល និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ វេរភត្តប្រគេនព្រះសង្ឃ និងពេលរសៀល និមន្តព្រះសង្ឃសម្តែងធម៌ទេសនាគ្រែពីរ ដោយព្រះបវរសត្ថា ហួរ សារិទ្ធ និងព្រះធម្មវិជ្ជា ជួន កក្កដា រួមទាំងពិធីអភិសេកព្រះពុទ្ធរូប និងពិធីកាត់ខ្សែរបូ ស្រោចព្រះសុគន្ធវារីជាកិច្ចបង្ហើយបុណ្យ៕