(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោយប្រកាសចូលកាន់តំណែងជាអភិបាលខេត្ត, នាព្រឹកថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ដោយមានការចូលរួមផងដែរពីលោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នគរបាល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ នៃសាលាខេត្តជាច្រើននាក់។

លោកបានថ្លែងថា ទោះបីជាអត្រាការរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗបានជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំក៏ដោយ ក៏នៅមានពលរដ្ឋដែលងាយរងហានិភ័យចំនួនច្រើននៅឡើយដែរ។ លោកបានផ្តាំឲ្យមន្រ្តីទាំងអស់ ត្រូវរួមគ្នារក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សាមគ្គីភាពក្នុងកិច្ចការងាររួម ពង្រឹងកិច្ចការផ្តល់សេវាសាធារណៈផ្សេងៗ អប់រំណែនាំទៅអាណាព្យាបាល ប្រសិនបើមានកូនៗណាមិនបានទៅរៀន ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋដែលជាគោលដៅ ក្នុងចំណោមពលរដ្ឋងាយរងហានីភ័យនេះធ្លាក់ចុះមកវិញ។

អភិបាលខេត្តព្រះសីហនុ បានណែនាំក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ពោលត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលរបស់ខ្លួន ថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការឲ្យបានល្អ គោរពឋានានុក្រម វិន័យ ការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។ ពង្រឹងយន្តការគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទន្ទឹមនេះត្រូវបង្កើនទំនាក់ទំនង និងសហការគ្នាឱ្យបានស្អិតរមួត ក្នុងការបំពេញការងារ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ។

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្ត ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យមានប្រសិទ្ធភាព ក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាលបម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើ សេវាសាធារណៈជូនប្រជាពល រដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ "។

លោកបន្តថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាប្រទេសមានចំណូលមធ្យមកម្រិត ទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវចូលរួមអនុវត្តគោលនយោបាយបញ្ចកោណរបស់ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

លោកបន្តទៀតថា «ឲ្យខេត្តយើងនេះឈានទៅរកការសម្រេចបាននូវចំណុចខាងលើនេះ ចាំបាច់ណាស់ស្ថានភាពសន្តិសុខត្រូវតែរឹងមាំ សុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកវិនិយោគតូចធំ ដូចនេះសូមចូលរួមអនុវត្តបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាល មន្ត្រីរបស់យើងមិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវលុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើងក្នុងមូលដ្ឋានទទួលបានជោគជ័យ»៕