(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ «ទូរសិក្សា-Duraseksa» និងគេហទំព័រ www.duraseksa.gov.kh ដែលជាបណ្តុំមាតិកាឌីជីថលសម្រាប់ ការគាំទ្រដល់ការរៀនស៊ីជម្រៅ, ការបង្រៀនពីចម្ងាយ, ការផ្សព្វផ្សាយសៀវភៅសិក្សា, ការពង្រឹងសមត្ថភាពអំណាន, ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប, ការពង្រីកចំណាប់អារម្មណ៍លើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, ការធ្វើតេស្តសមត្ថភាព និងការអនុវត្តក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត។

លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ឱ្យបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះថា កម្មវិធីទូរសព្ទដៃ «ទូរសិក្សា-Duraseksa» និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកាឌីជីថលមួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួង ដែលប្រមូលផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែបគឺមានន័យថា មានវីដេអូ សន្លឹកកិច្ចការ និងសៀវភៅអនុវត្តគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀនដែលផ្តោតគោលដៅលើការពង្រឹងតួនាទីគ្រូក្នុងការតម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។

លោកបណ្ឌិត សាន វឌ្ឍនា បានបន្ថែមថា លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះគឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូកាន់តែប្រសើរជាងមុន ក្នុងការពន្យល់ណែនាំសិស្សឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និងទទួលបានលទ្ធផលនៃការសិក្សាកាន់តែប្រសើរ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា បានវិភាគទិន្នន័យស្តីពីចំណង់ចំណូលចិត្ត និងបែបផែន នៃការសិក្សារបស់សិស្សានុសិស្សកម្ពុជា ដើម្បីបង្កើតប្រព័ន្ធវិភាគដើម្បីផលិតជាបន្តបន្ទាប់ នូវមាតិកាឌីជីថលដែលមានភាពពេញលេញ ហើយកម្មវិធីទូរសព្ទដៃ «ទូរសិក្សា-Duraseksa» និងគេហទំព័រ www.duraseksa.gov.kh ក្លាយទៅជាអេកូស៊ីស្តែមនៃការអប់រំឌីជីថល ដោយមានសមាសធាតុសំខាន់ៗចំនួន៨ ៖

* សិក្ខាល័យ៖ គាំទ្រការរៀនដោយស៊ីជម្រៅដោយធនធានសិក្សា សំបូរបែប និងលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស ពីថ្នាក់ទី៧ដល់ទី១២ គ្រប់មេរៀន មុខវិជ្ជា និងកម្រិតថ្នាក់ដោយមានកញ្ចប់វីដេអូ និងសន្លឹកកិច្ចការរៀនជាលក្ខណៈសង្ខេបមុនពេលចូលរៀន ឬរៀនជាពិស្តារជួយដល់ការរៀនក្នុងថ្នាក់ សំណួរចម្លើយបន្ទាប់ពីរៀនក្នុងថ្នាក់រួច។
* បណ្ណាល័យ៖ ឃ្លាំងសៀវភៅសម្រាប់ការសិក្សាពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា ដែលអាចប្រើប្រាស់ជាធនធានសិក្សា និងធនធានអំណាន
* បាក់ឌុប ៖ កម្រងឯកសារ និងវិញ្ញាសាពង្រឹងសមត្ថភាពសម្រាប់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

* សាស្រ្តាល័យ៖ បណ្តុំវីដេអូកំសាន្តនិងអប់រំ លើកកម្ពស់ចំណាប់អារម្មណ៍លើការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់សិស្សានុសិស្សវ័យក្មេង ដោយប្រែក្លាយភាពស៊ាំញ៉ាំ និងស្មុគ្រស្មាញនៃវិទ្យាសាស្រ្ត មកជាការរីករាយកំសាន្ត
* Live Teaching៖ ការបង្រៀនពីចម្ងាយដោយផ្សាយបន្តផ្ទាល់ ដោយសាស្រ្តាចារ្យដែលមានបទពិសោធន៍ ជារៀងរាល់ថ្ងៃអាទិត្យពេញមួយថ្ងៃ និងជារៀងរាល់ល្ងាចវេលាម៉ោង១៩៖០០
* ពិសោធន៍៖ កម្រងឯកសារសម្រាប់ការអនុវត្តជាក់ស្តែង និងការសិក្សាក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត
* តេស្តសមត្ថភាព៖ វេទិកាអន្តរកម្មសម្រាប់វាស់ស្ទង់សមត្ថភាពសិស្ស ដោយវិញ្ញាសាថ្នាក់ជាតិនិងអន្តរជាតិ មានលក្ខណៈអន្តរកម្ម ដែលអនុញ្ញាតឱ្យសិស្សអាចវាយតម្លៃសមត្ថភាពខ្លួន នៅពេលបញ្ចប់មេរៀននីមួយៗ
* អក្ខរា៖ កម្មវិធីទូរស័ព្ទដៃដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាលើកដំបូង លើកកម្ពស់សមត្ថភាពអំណាន ជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមានបញ្ហាផ្នែកអំណាន

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅក្នុងអេកូស៊ីស្តែមនៃការអប់រំ ដើម្បីកសាងមូលធនមនុស្សក្នុងបរិការណ៍នៃបរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតមាតិកាបង្រៀន និងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។ ជាងនេះទៅទៀតបរិវត្តកម្មឌីជីថលនៅកម្រិតសាលារៀន ក៏ជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងការសម្រេចបាននូវស្តង់ដាសាលារៀនគំរូ។

លោកបណ្ឌិត សាន វឌ្ឍនា ក៏បានសម្តែងគាវរកិច្ចថ្លែងអំណរគុណដល់បណ្តាសាស្រ្តាចារ្យដ៏ចំណាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គ្រូនៃកម្មវិធីសាលារៀនជំនាន់ថ្មី ក៏ដូចជាសហការីនៃក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ដែលបានចូលរួមរៀបចំតាក់តែងផលិតនិងវាយតម្លៃលើមាតិកាឌីជីថលទាំងអស់ ដែលមាននៅលើកម្មវិធីទូរសព្ទដៃ «ទូរសិក្សា-Duraseksa» និងគេហទំព័រ www.duraseksa.gov.kh ផងដែរ៕